ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមេសានេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំសន្និសីទអ្នកប្រើប្រាស់ថ្នាក់ជាតិឆ្នាំ២០២៣ ក្រោមប្រធានបទ «ពង្រឹងសិទ្ធិអំណាចអ្នកប្រើប្រាស់ដើម្បីជំរុញការអនុវត្តដោយសុចរិតលើទីផ្សារ»នៅរាជធានីភ្នំពេញ។
ឯកឧត្តម ប៉ាន់ សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងថា បច្ចុប្បន្ន ដោយសារមានអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ទម្រង់អាជីវកម្មថ្មីៗជាច្រើន បានបង្កើតឡើង បានធ្វើឲ្យមានការធ្វើធុរៈកិច្ចមិនសុច្ចរិតមួយចំនួនពិបាកស្វែងរកបទល្មើស និងដោះស្រាយ ដើម្បីការពារសិទ្ធអំណាចអ្នកប្រើប្រាស់នានា។
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន់ សូរសក្តិ បន្តថា បច្ចុប្បន្ន កម្ពុជាបានបង្កើតច្បាប់ការប្រកួតប្រជែង ច្បាប់សុវត្ថិភាពម្ហូបអាហារច្បាប់ធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច និងមានច្បាប់លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ សម្រាប់អនុវត្តការពារសិទ្ធអ្នកប្រើប្រាស់ ការពារសុវត្ថិភាពអ្នកប្រើប្រាស់ លើកកំពស់សុខភាព ពង្រឹងស្តង់ដារទំនិញ និងសេវាកម្មលើកកំពស់ការប្រកួតប្រជែង ការធ្វើទីផ្សារប្រកបដោយសុចរិត។
ក្រសួងក៏បានផ្សព្វផ្សាយឲ្យអ្នកប្រើប្រាស់ទាំងឡាយយល់ដឹង សំដៅជំរុញធ្វើទីផ្សារឱ្យមានសុចរិតភាព តម្លាភាព ទំនួលខុសត្រូវខ្ពស់ និងបង្កើនទំនុកចិត្តក្នុងធុរកិច្ច ដែលធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពសេដ្ឋកិច្ច។
ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានថ្លែង ជំរុញអ្នកប្រើប្រាស់ទាំងអស់ត្រូវតែសម្ដែងមតិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ស្របទៅតាមច្បាប់ ខណៈបច្ចុប្បន្ន កម្ពុជាមានច្បាប់គ្រប់គ្រាន់ ក្នុងការដាក់ទោសការការពារសិទ្ធអំណាចអ្នកប្រើប្រាស់ និងការធ្វើអាជីវកម្មដោយសុចរិត៕ អត្ថបទ ស៊ុម សុខជា