អាមេរិក៖ យោងតាមរបាយការណ៍របស់មន្ទីរបញ្ចកោណ ប្រទេសចិនគឺជាលើកទី១ ដែលរក្សានាវាមុជទឹកមានមីស៊ីលបាលីស្ទីកបំពាក់ដោយអាវុធនុយក្លេអ៊ែរយ៉ាងតិច ១គ្រឿងនៅលើសមុទ្រ ដោយបន្ថែមសម្ពាធលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ខណៈពួកគេព្យាយាមទប់ទល់នឹងកម្លាំងយោធា ដែលកំពុងកើនឡើងរបស់ទីក្រុងប៉េកាំង។
ទោះបីជាកិច្ចព្រមព្រៀងអឺគើស (AUKUS) នឹងមើលឃើញអូស្ត្រាលីដាក់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ២ទសវត្សរ៍ខាងមុខក៏ដោយ ក៏ការល្បាតដោយមីស៊ីលបាលីស្ទីករបស់ចិនមិនឈប់ឈរ នៅដែនសមុទ្រប្រមូលផ្ដុំដោយធនធានរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅពេលដែលពួកគេបង្កើនការដាក់ពង្រាយតាមបែបផែនសង្គ្រាមត្រជាក់ ដើម្បីទប់ការកើនឡើងឥទ្ធិពលយោធារបស់ទីក្រុងប៉េកាំង។ មន្ត្រីយោធាជាន់ខ្ពស់ដែលជាអតីតនាវិកលើនាវាមុជទឹក និងជាអ្នកវិភាគផ្នែកសន្តិសុខបាននិយាយថា ការល្បាតថ្មីនេះបង្ហាញពីភាពប្រសើរឡើងក្នុងវិស័យជាច្រើន រួមទាំងភស្តុភារ បញ្ជាការ និងការគ្រប់គ្រង និងអាវុធ។
ពួកគេក៏បង្ហាញពីរបៀបដែលចិនចាប់ផ្តើមដំណើរការនាវាមុជទឹក បំពាក់ដោយមីស៊ីលបាលីស្ទីករបស់ខ្លួន តាមរបៀបដូចគ្នាដែលសហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស និងបារាំងមានរាប់ទសវត្សរ៍មកហើយ។ លោកឧត្ដមសេនីយ៍ Anthony Cotton មេបញ្ជាការនៃបញ្ជាការយុទ្ធសាស្ត្រសហរដ្ឋអាមេរិក បានប្រាប់សវនាការសភាកាលពីខែមីនាថា នាវាមុជទឹករបស់ចិនឥឡូវនេះត្រូវបានបំពាក់ដោយមីស៊ីលជំនាន់ទី៣ JL-3។ របាយការណ៍កាលពីកន្លងទៅបាននិយាយថា នាវាមុជទឹកបំពាក់ដោយមីស៊ីលជំនាន់ទី៣ JL-3 មិនត្រូវបានគេរំពឹងថានឹងត្រូវបានដាក់ពង្រាយឡើយ រហូតដល់ប្រទេសចិនបានចាប់ផ្តើមផលិតនាវាមុជទឹកប្រភេទ Type-096 ជំនាន់ក្រោយរបស់ខ្លួននៅប៉ុន្មានឆ្នាំខាងមុខនេះ៕
អត្ថបទ៖ សុខមាន