
អន្ដរជាតិ៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងនិយាយថា នៅថ្ងៃអង្គារនេះ កងទ័ពជើងទឹកកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានធ្វើសមយុទ្ធយោធាប្រឆាំងនាវាមុជទឹក ដើម្បីត្រៀមខ្លួនឲ្យបានល្អជាងនេះចំពោះសមត្ថភាពមីស៊ីល និងអាវុធនុយក្លេអ៊ែរដែលកំពុងមានការវិវឌ្ឍន៍របស់កូរ៉េខាងជើង។
សមយុទ្ធយោធានេះ បានធ្វើឡើងតាំងពីថ្ងៃចន្ទម្សិលមិញមកម្ល៉េះសម្រាប់រយៈពេល ២ថ្ងៃ នៅក្នុងដែនសមុទ្រអន្តរជាតិជិតកោះភាគខាងត្បូង Jeju របស់កូរ៉េខាងត្បូង ដោយមានការចូលរួមពីនាវាពិឃាតផ្ទុកយន្តហោះសហរដ្ឋអាមេរិក ដឹកនាំដោយនាវាចម្បាំង USS Nimitz ដែលបានធ្វើដំណើរមកដល់ទីក្រុងភាគអាគ្នេយ៍ Busan កាលពីសប្តាហ៍មុន។
សមយុទ្ធត្រីភាគីនេះដែរ បានកើតមាន ពេលដែលកូរ៉េខាងជើងបង្ហាញក្បាលគ្រាប់នុយក្លេអ៊ែរថ្មីខ្នាតតូចជាងមុន កាលពីសប្តាហ៍មុន ហើយនិងអួតអាងពីអ្វីដែលពួកគេចាត់ទុកថាជាយានដ្រូនវាយប្រហារក្រោមទឹកមានសមត្ថភាពនុយក្លេអ៊ែរ។
ក្រសួងការពារជាតិកូរ៉េខាងត្បូងនិយាយទៀតថា សមយុទ្ធនៅក្នុងសប្តាហ៍នេះ បានប្រើប្រាស់ការហ្វឹកហាត់សង្រ្គាមប្រឆាំងនាវាមុជទឹកចល័ត ដែលមានគោលដៅធ្វើឲ្យល្អប្រសើរសមត្ថភាពត្រូវការរក តាមដាន និងបំផ្លាញការគំរាមកំហែងក្រោមទឹករបស់កូរ៉េខាងជើង។
គួរឲ្យដឹងថា ប្រទេសទាំង ៣ បានធ្វើសមយុទ្ធយោធាប្រឆាំងនាវាមុជទឹកត្រីភាគីចុងក្រោយកាលពីខែកញ្ញា ឆ្នាំមុន ដែលជាសមយុទ្ធយោធាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ ស្របពេលភាពតានតឹងកើតមានចំពោះការសាកល្បងមីស៊ីលដ៏ច្រើនពុំធ្លាប់មានពីមុនរបស់កូរ៉េខាងជើង៕
