ភ្នំពេញ៖ ដើម្បីលើកកម្ពស់វិស័យកសិកម្ម ជួយប្រជាកសិករកាន់តែមានចំណូលខ្ពស់ ទាល់តែមានទិន្នន័យជាក់លាក់ ទើបអាចរៀបចំគោលនយោបាយអភិវឌ្ឍន៍បានល្អ និងចំគោលដៅ៖ នេះជាការលើកឡើងរបស់ ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ ខណៈដឹកនាំមន្ត្រីធ្វើជំរឿនកសិកម្មក្នុងឃុំទឹកវិល ស្រុកស្អាង កាលពីថ្ងៃទី០១ មេសា ២០២៣កន្ល ងទៅនេះ។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា ការធ្វើជំរឿននេះ គឺដើម្បីប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ជាក់លាក់ ឈានទៅការរៀបចំគោលនយោបាយ ធ្វើឱ្យកាន់តែប្រសើរឡើងចំពោះវិស័យកសិកម្ម ជាពិសេស ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាកសិករ ផលិតករ និងប្រតិបត្តិការណ៍ ដែលពឹងផ្អែកទៅលើរបរកសិកម្ម។
ឯកឧត្តម ក៏បានឱ្យដឹងដែរថា នេះជាលើកទី២ហើយ សម្រាប់កម្ពុជាក្នុងការធ្វើជំរឿនកសិកម្ម ដែលលើកទី១កាលពីឆ្នាំ២០១៣ យើងមានអង្គភាពកសិកម្មសរុបចំនួន ២,១លានគ្រួសារ ហើយបើតាមការប៉ាន់ស្មានមកដល់២០២៣នេះ អាចនឹងកើនឡើងដល់ ២,៧លានគ្រួសារកសិកម្ម ទាំង ១៤៥៨៣ភូមិ ទូទាំងប្រទេស។
ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា ជំរឿនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះជាធាតុផ្សំ ដែលមិនអាចខ្វះបាន ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងសន្តិសុខស្បៀង។ ដែលការធ្វើជំរឿនកសិកម្ម គឺមន្ត្រីចុះសម្ភាសន៍ ត្រួតពិនិត្យ និងធ្វើបញ្ជីរអង្គភាពកសិកម្ម ឬសហគ្រាសកសិដ្ឋានវិស័យកសិកម្មដាំដុះ បសុសត្វ ការនេសាទ វារីវប្បកម្ម និងអនុផលព្រៃឈើ។
បន្ទាប់ពីទទួលបានទិន្នន័យច្បាស់លាស់ និងបញ្ហាប្រឈមនានា នោះយើងអាចរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីធ្វើការដោះស្រាយឱ្យទាន់ពេលវេលា និងត្រូវតាមកាលៈទេសៈ ទាំងការងារបច្ចេកទេស ក៏ដូចជាទីផ្សារ ជាពិសេស ចំពោះការនាំចេញផលិតផលកសិកម្ម។ក្រោយពីធ្វើជំរឿន និងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍ នោះផលិតករ ប្រតិបត្តិករ ប្រជាកសិករ នឹងទទួលបានមកវិញនូវ បច្ចេកទេសថ្មីៗ ផែនការច្បាស់លាស់ ថាយើងគួរដាំដុះដំណាំប្រភេទណា នៅរដូវណា និងផលិតផលកសិកម្មរបៀបណា ដែលគួរបង្កើនការដាំដុះ ចិញ្ចឹម និងផលិត ដើម្បីកាត់បន្ថយហានិភ័យ បង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិ។
ឯកឧត្តម រិន វីរៈ ក៏បានឱ្យដឹងដែរថា ការធ្វើជំរឿននេះ គឺមានរយៈ ៣០ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី០១ មេសា រហូតដល់៣០ មេសា ២០២៣ ដូច្នេះ សូមប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម និងសហគ្រាសកសិដ្ឋានកសិកម្ម ផ្ដល់នូវទិន្នន័យជាក់លាក់ច្បាស់លាស់ ដើម្បីឱ្យបាននូវទិន្នន័យល្អ ក្នុងការរៀបចំគោលនយោបាយល្អ ដើម្បីកិច្ចអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ច៕ អត្ថបទ៖ សៅ យ៉ាម៉ង់