អាមេរិក៖ ខណៈដែលពិភពលោកចោលក្រសែភ្នែកទៅលើការបង្ហាញខ្លួន នៅក្នុងសវនាការក្នុងទីក្រុង New York របស់អតីតប្រធានាធិបតី Donald Trump មានសំណួរមួយចោទសួរពីក្រុមអ្នកសារព័ត៌មាននៅសេតវិមាន គឺតើលោកប្រធានាធិបតី Joe Biden មានអ្វីចង់និយាយទេ? ចម្លើយគឺធម្មតា និងមិនផ្លាស់ប្ដូរនោះគឺគ្មានការធ្វើអត្ថាធិប្បាយឡើយ។
ខណៈលោក Trump បានបង្ហាញខ្លួននៅតុលាការចម្ងាយ ៣៨៣គីឡូម៉ែត្រទៅភាគខាងជើង លោក Biden ស្ថិតក្នុងបន្ទប់ទទួលទានអាហារពេលល្ងាចនៅសេតវិមាន ដោយអង្គុយក្រោមរូបថតអតីតប្រធានាធិបតីទី១៦ របស់សហរដ្ឋអាមេរិកគឺលោក Abraham Lincoln អមដោយក្រុមប្រឹក្សានៃទីប្រឹក្សាផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់លោក។ លោកប្រធានាធិបតីរូបនេះបានប្រមូលក្រុមប្រឹក្សាសម្រាប់ជំនួបស្ដីពីគ្រោះថ្នាក់ និងលទ្ធភាពនៃបញ្ញាសិប្បនិម្មិត។ កិច្ចប្រជុំនេះបានបញ្ចប់ទៅដោយការស្រែកសួរជាបន្តបន្ទាប់ ពីក្រុមអ្នកសារព័ត៌មានអំពីលោក Trump ដែលមិនអើពើ និងពុំបានឆ្លើយអ្វីទាំងអស់ ខណៈសារព័ត៌មាននានាត្រូវបានស្នើឲ្យចេញពីបន្ទប់។
យុទ្ធសាស្ត្រនេះត្រូវបានបកស្រាយលម្អិតកាលពីព្រឹកថ្ងៃអង្គារ ដោយអ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre ដែលបាននិយាយលេងសើចជាមួយក្រុមអ្នកសារព័ត៌មានថា លោកស្រីពេញចិត្តនឹងសំណួរទាំងឡាយទាក់ទងនឹងលោក Trump ដែលត្រូវបានសួរតាមរបៀបផ្សេងៗគ្នា។ លោកស្រីនិយាយថា ដូច្នេះជាបឋម ខ្ញុំត្រូវតែនិយាយថា ករណីនេះកំពុងបន្តនៅឡើយ ហេតុនេះយើងមិនមានការអត្ថាធិប្បាយអ្វីទេលើសំណុំរឿងនេះ។ លោកប្រធានាធិបតីនឹងយកចិត្តទុកដាក់លើប្រជាពលរដ្ឋអាមេរិកគ្រប់ៗគ្នា ដូចដែលលោកបានធ្វើរាល់ថ្ងៃ។ លោកស្រីបន្ថែមថា នេះមិនមែនជារឿងដែលលោកប្រធានាធិបតីយកចិត្តទុកដាក់នោះទេ៕
អត្ថបទ៖ សុខមាន