បាល់ទាត់៖ ក្រុមបាល់ទាត់ Freiburg បានធ្វើឱ្យមានរឿងភ្ញាក់ផ្អើលបន្ទាប់ពីទំលាក់ក្រុមជើងឯក ២០សម័យ Bayern Munich ដល់ទឹកដីនៅវគ្គ ៨ក្រុមចុងក្រោយ German Cup រឺ DFB Pokal។ នេះជាបរាជ័យគួរឱ្យភ្ញាក់ផ្អើលរបស់ Bayern Munich ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Thomas Tuchel ជាការប្រកួតទីពីរក្នុងតំណែង។

ខ្សែការពារ Dayot Upamecano ជាអ្នកបើកការនាំមុខមុនឱ្យ Bayern Munich នៅនាទីទី១៩ តែ Freiburg ក៏តាមស្មើវិញដោយបាល់ស៊ុតពីចំងាយរបស់ Nicols Hofler នាទីទី២៧។ ការប្រកួតហៀបនឹងចប់ទៅហើយ តែកំហុសបាល់ប៉ះដៃរបស់ Jamal Musiala ក្នុងតំបន់គ្រោះថ្នាក់ធ្វើឱ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ ១១ម៉ែត្រទៅ Freiburg ដែលទាត់សំរេចដោយ Lucas Holer នាទីទី៩០+៥។ សូមបញ្ជាក់ថា Bayern Munich ទើបតែប្រកាសតែងតាំងអតីតអ្នកចាត់ការ Chelsea, Thomas Tuchel កាលពីសប្តាហ៍មុន ហើយភ្លាមនោះ Bayern Munich ទើបយកឈ្នះ Dortmund ៤-២ កាលពីថ្ងៃសៅរ៍នៅ Bundesliga។
ធ្លាក់ពី German Cup នៅពេលនេះ Bayern Munich នឹងត្រូវជួប Manchester City សប្តាហ៍ក្រោយវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ជើងទី១។ ដោយឡែកសម្រាប់ Frankfurt ក៏បានកក់កៅអីនៅពាក់កណ្តាលផ្តាច់ព្រ័ត្រដែរក្រោយយកឈ្នះ Union Berlin ២-០ ដោយពីរគ្រាប់របស់ខ្សែប្រយុទ្ធបារាំង Randal Kolo Muani៕
អត្ថបទ៖នាង សុភាវុធ