អ៊ីស្រាអែល៖ សាក្សីបាននិយាយថា នគរបាលអ៊ីស្រាអែលបានវាយប្រហារលើអ្នកគោរពបូជាច្រើននាក់ នៅក្នុងបរិវេណវិហារឥស្លាម Al-Aqsa នៅទីក្រុងហ្សេរុយសាឡឹមនៅព្រឹកព្រលឹមថ្ងៃពុធ ទី៥ ខែមេសានេះ ជាអ្វីដែលនគរបាលអ៊ីស្រាអែលបាននិយាយថា គឺជាការឆ្លើយតបទៅនឹងកុបកម្ម។

អឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបានរាយការណ៍ពីការរងរបួស ប៉ុន្តែពុំបានបញ្ជាក់លម្អិតថា មានមនុស្សប៉ុន្មាននាក់រងរបួសនោះទេ។ ស្ថាប័ននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងអ៊ីស្រាអែលកំពុងរារាំងក្រុមគ្រូពេទ្យរបស់ខ្លួនមិនឲ្យចូលទៅដល់វិហារអ៊ីស្លាម។ នគរបាលអ៊ីស្រាអែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេត្រូវបង្ខំចិត្តដើម្បីចូលទៅក្នុងបរិវេណនោះ បន្ទាប់ពីអ្នកបង្កចលាចលដែលពាក់ម៉ាស់បានចាក់សោខ្លួនឯងនៅខាងក្នុងវិហារ ដោយមានកាំជ្រួចភ្ញី ដំបង និងដុំថ្ម។ សេចក្តីថ្លែងការណ៍និយាយថា នៅពេលនគរបាលបានចូលទៅ មានការគប់មកលើពួកគេ ហើយកាំជ្រួចត្រូវបានដុតចេញពីខាងក្នុងវិហារដោយក្រុមអ្នកបង្កចលាចល ហើយមន្ត្រីនគរបាលម្នាក់បានរងរបួសជើង។
អំពើហឹង្សានៅតំបន់ West Bank និងទីក្រុងហ្សេរុយសាឡឹមបានកើនឡើងក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ ហើយមានការព្រួយបារម្ភថា ភាពតានតឹងអាចរីកកាន់តែធំនៅក្នុងខែនេះ នៅពេលដែលខែដ៏ពិសិដ្ឋ Ramdan របស់ពលរដ្ឋមូស្លីម ស្របពេលជាមួយពិធីបុណ្យសាសនារបស់ជនជាតិជ្វីស និងបុណ្យអ៊ីស្ទើររបស់សាសនាគ្រឹស្ត។ ក្រុមជនប៉ាឡេស្ទីនបានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលទៅលើអ្នកគោរពបូជា ដែលពួកគេបានចាត់ទុកថាជាអំពើឧក្រិដ្ឋកម្ម។ លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យើងព្រមានអ្នកឈ្លានពានកុំឲ្យដើរឆ្លងបន្ទាត់ក្រហមនៅកន្លែងបរិសុទ្ធ ដែលនឹងនាំឱ្យមានការផ្ទុះដ៏ធំ៕
អត្ថបទ៖ ប៊ុនថន