ស៊ីហ្គេម៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅទីក្រុង Dili ប្រទេសទីម័រខាងកើតបានបញ្ចប់ដោយជោគជ័យ និងកាន់តែមានគុណតម្លៃសម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា បន្ទាប់ពីពិធីដង្ហែកាលពីព្រឹកថ្ងៃទី០៤ ខែមេសាមានថ្នាក់ដឹកនាំជាច្រើនចូលរួម ពិសេសវត្តមានឯកឧត្តម Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើតផងដែរ។
ក្រោយពីអនុញ្ញាតឲ្យប្រតិភូកម្ពុជាចូលជួបសម្ដែងការគួរសម និងស្វាគមន៍យ៉ាងកក់ក្ដៅកាលពីម្សិលមិញ ឯកឧត្តមប្រធានាធិបតីទីម័រខាងកើតក៏បានអញ្ជើញចូលរួមដង្ហែព្រះអគ្គិជ័យកីឡានៅព្រឹកថ្ងៃអង្គារនេះដែរ ដោយឯកឧត្តមបានថ្លែងអំណរគុណកម្ពុជាដែលបានរៀបចំពិធីដ៏មានអត្ថន័យនេះលើទឹកដីខ្លួន ហើយបានអញ្ជើញប្រទេសទីម័រខាងកើត ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ ក្រោយបញ្ចប់ពិធីដង្ហែដោយជោគជ័យ ឯកឧត្តម ហោ សារុន បានវាយតម្លៃខ្ពស់ចំពោះការដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់នៅទីក្រុង Dili ដែលមានអ្នកចូលរួមរហូតដល់ជាង ៨០០នាក់ ពិសេសវត្តមានប្រធានាធិបតីទីម័រ មន្ដ្រីជាន់ខ្ពស់ មន្ដ្រី UN ឯកអគ្គរាជទូតបណ្ដាប្រទេសផ្សេងៗនៅទីម័រ ដែលធ្វើឲ្យពិធីនេះកាន់តែមានគុណតម្លៃ ក្នុងដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។
ដោយឡែកឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសទីម័រខាងកើត ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហ្សាកាតាក៏បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ចំពោះភាគីទីម័រដែលបានទទួលបដិសណ្ឋារកិច្ច និងសហការរៀបចំពិធីដង្ហែនេះប្រកបដោយភាពរលូន។ ឯកឧត្តមសង្ឃឹមថា តាមរយៈនេះនឹងជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាកាន់តែទូលំទូលាយថែមទៀត។ ដោយឡែកលោក Laurentino GUTERRES អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកទីម័រខាងកើត បានសម្ដែងការសេចក្ដីរីករាយចំពោះវត្តមានប្រតិភូកម្ពុជា និងព្រះអគ្គិជ័យកីឡាលើទឹកដីខ្លួន ដូចការលើកឡើងរបស់ឯកឧត្តមប្រធានាធិបតីទីម័រ ហើយលោកសង្ឃឹមថា បណ្ដាប្រទេសទាំងអស់នឹងចូលរួមទាំងអស់គ្នា ដើម្បីគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមកម្ពុជាឆ្ពោះទៅរកភាពជោគជ័យជាប្រវត្តិសាស្ដ្រ។
សូមបញ្ជាក់ថា ទីម័រខាងកើតគឺជាប្រទេសទី៤ នៃពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ បន្ទាប់ពីដង្ហែចេញពីខេត្តសៀមរាបឆ្ពោះទៅរៀបចំនៅប្រទេសវៀតណាមមុនគេ មុនបន្ដទៅប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ីដែលបានបញ្ចប់ការរៀបចំដោយជោគជ័យ និងការគាំទ្រខ្លាំងដូចគ្នា។ សម្រាប់បេសកកម្មបន្ទាប់គឺប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម ហោ សារុន នឹងធ្វើដំណើរទៅទីក្រុងគូឡាឡាំពួរ ប្រទេសឥណ្ឌូនេស៊ីវិញម្ដង ដោយគ្រោងនឹងចេញដំណើរពីទីក្រុង Dili នាព្រឹកថ្ងៃទី០៥ ខែមេសានេះ៕
អត្ថបទ៖ លី ឈុនឡា