បាល់ទាត់៖ ជំនួបសប្តាហ៍ទី៣៤ ក្របខណ្ឌ English Premier League រវាងបិសាចក្រហម Manchester United ទទួលស្វាគមន៍ហង្សក្រហម Liverpool ត្រូវបានផ្អាកមិនអាចដំណើរទៅបានឡើយ ក្រោយមានបាតុករសម្រុកចូលទីលាននៃកីឡដ្ឋាន Old Trafford។

ការប្រកួតយប់មិញគ្រោងធ្វើឡើងនៅវេលាម៉ោង ២២:៣០នាទី (ម៉ោងនៅកម្ពុជា) តែក្រុមបាតុករប្រឆាំងតវ៉ាមិនពេញចិត្តនឹងប្រធានក្លិប គឺក្រុមគ្រួសារអាមេរិកត្រកូល Glazer បានសម្រុកចូលដល់ក្នុងទីលានដែលធ្វើអោយ EPL សំរេចផ្អាក និងលើកពេលប្រកួតនេះដោយសារហេតុផលសុវត្ថិភាព។ នេះជាលើកដំបូងដែលការប្រកួតមួយនៅ Premier League ត្រូវបានផ្អាកដោយសារអ្នកគាំទ្រធ្វើបាតុកម្ម។ អ្នកគាំទ្របានជួបជុំគ្នាពាក់អាវក្រុម Manchester United ដំបូងនៅពេលបង្កើតឡើងនៅឆ្នាំ១៨៧៨ ដោយនៅពេលនោះមានឈ្មោះថា Newton Hearth។
តែមិនមែនជាលើកដំបូងឡើយដែលអ្នកគាំទ្រ Manchester United ធ្វើការប្រឆាំងតវ៉ាពីការគ្រប់គ្រងរបស់ក្រុមគ្រួសារ Glazer ខណៈការខឹងសម្បារឈានដល់កំរិតនេះ បូករួមទាំងទង្វើរបស់ក្លិបដែលបានចូលរួមក្នុងការបង្កើតពាន European Super League។ គេនៅមិនទាន់ដឹងនៅឡើយថា ការប្រកួតរវាងក្រុមទាំងពីរនឹងត្រូវលើកទៅពេលណា ខណៈនេះក៏ជាការប្រកួតកាត់សេចក្តីជើងឯក Premier League មួយដែរ ប្រសិន Manchester United ចាញ់ Liverpool នោះជើងឯកនឹងបានទៅ Manchester City៕
អត្ថបទ៖នាង សុភាវុធ