
ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែខិតជិតមកដល់នោះ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ និងបានធ្វើការហាមឃាត់នូវសកម្មភាពមួយចំនួនដែលនឹងនាំដល់គ្រោះថ្នាក់ជាយថាហេតុ អំឡុងពេលកំពុងសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំថ្មី ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ បានលើកឡើងថា ចាប់ពីថ្ងៃទី១៤ ខែមេសាខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញសូមជូនដំណឹងដល់ សាធារណជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រៃណីជាតិ និងសេចក្តីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ជាយុវជន យុវនារីសិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់ដូចជា ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថាន ភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗជាដើម។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមទប់ ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃជាដើម។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យបងប្អូនចូលរួមលេងកំសាន្តល្បែងប្រជាប្រិយគ្រប់ប្រភេទ និងចៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូបង្ហោះប្រដេញគ្នាលេង នៅតាមផ្លូវ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុប៉ះពាល់ដល់អាយុវជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរ ព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ ស័ក្ដិសមជាកុលបុត្រធីតាខ្មែរ។
ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យបងប្អូនត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព និងអនាម័យចៀសវាងការឆ្លងជំងឺរាតល្បាតផ្សេងៗ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ត្រូវសហការអនុវត្ត និងផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាព ព្រមទាំងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិអំពើមិនគប្បីខាងលើ ដែលបង្កឲ្យប៉ះពាល់ដល់ប្រពៃណី សេចក្តីថ្លៃថ្នូរបស់ជាតិ ក៏ដូចជាប៉ះពាល់ដល់ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនោះផងដែរ៕
អត្ថបទ៖ បាន ចក់