ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលទើបតែចូលជាធរមានកាលពីដើមខែធ្នូ ឆ្នាំ២០២២ នឹងជួយបង្កើនទំហំពាណិជ្ជកម្មនៃការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងជំនួបសម្តែងការគួរសម ជាមួយឯកឧត្តមបណ្ឌិត Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋកូរ៉េ ថ្មី ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៣ ខែមេសា។
យោងតាមសេចក្តីព័ត៌មាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងថា តាមរយៈកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា រវាងកម្ពុជា-កូរ៉េ ក៏នឹងជាឧបករណ៍សម្រាប់ជួយបង្កបរិយាកាសនៃការវិនិយោគពីប្រទេសកូរ៉េ ឱ្យកាន់តែមានភាពល្អប្រសើរ និងទាក់ទាញវិនិយោគិនឱ្យមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ជាក់ស្តែង ថ្មីៗនេះ ក្រុមហ៊ុនធំៗរបស់កូរ៉េ បានមកបណ្តាក់ទុនវិនិយោគបង្កើតរោងចក្របង្គុំរថយន្តម៉ាកល្បីៗនៅប្រទេសកម្ពុជាផងដែរ។
ឯកឧត្តមបណ្ឌិត Park Jung-Wook បានគូសបញ្ជាក់ថា ក្នុងអាណត្តិបំពេញភារកិច្ចការទូតនេះ ឯកឧត្តម នឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបន្តគាំទ្រនូវការផ្តល់ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ឥណទានសម្បទាន ជំនួយបច្ចេកទេស និងកម្មវិធីចែករំលែកចំណេះដឹង ជាពិសេស ជំរុញការអភិវឌ្ឍវិស័យឯកជននានា ឱ្យកាន់តែរីកចម្រើនថែមទៀត។
គិតចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង មានចំនួនប្រមាណ ៤៥៥ លានដុល្លារអាមេរិក និងក្នុងក្របខ័ណ្ឌឥណទានសម្បទាន គិតចាប់ពីឆ្នាំ២០០១ ដល់ដំណាច់ឆ្នាំ២០២២ ភាគីកូរ៉េ បានសន្យា ផ្តល់ឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណ ជា ១ ៨០០ លានដុល្លារអាមេរិក។
ចេញពីកិច្ចសន្យានេះ មានកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣២ កិច្ចព្រមព្រៀង បានចុះហត្ថលេខា ដែលមានទឹកប្រាក់សរុប ១ ៦០០ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ និងកម្មវិធីចំនួន ២៩ ។
ទន្ទឹមនឹងនេះ ភាគីកូរ៉េ ក៏បានសន្យាផ្តល់ឥណទានបន្តទៀត តាមរយៈកិច្ចព្រមព្រៀងសម្របសម្រួលក្របខ័ណ្ឌថ្មី ដែលមានទឹកប្រាក់ ១ ៥០០ លានដុល្លារ សម្រាប់ឆ្នាំ២០២២ ដល់ ឆ្នាំ២០២៦ ដោយផ្តោតលើបេក្ខភាពគម្រោងលើគម្រោងអភិវឌ្ឍន៍ស្របតាមវិស័យអាទិភាពសំខាន់ៗ។ ភាគីទាំងពីរ ក៏បានពិភាក្សា អំពីគម្រោងអភិវឌ្ឍន៍ និងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េផងដែរ៕អត្ថបទ៖ វណ្ណៈ រូប៖ រ៉ាឌី