បាល់ទាត់៖ ស្ថាប័នបាល់ទាត់ពិភពលោក FIFA បានសម្រេចដាក់ពិន័យអតីតប្រធានសហព័ន្ធបាល់ទាត់ប្រទេសពែរូលោក Manuel Burga Seoane ពេញមួយជីវិតមិនឱ្យពាក់ព័ន្ធនឹងសកម្មភាពបាល់ទាត់ ដោយសារបញ្ហាពុករលួយស៊ីសំណូកសូកប៉ាន់។
Seoane ក៏ត្រូវបានបញ្ជាឱ្យបង់ប្រាក់ពិន័យចំនួន ១លានហ្វ្រង់ស្វ៊ីស (១.១លានដុល្លារអាមេរិក) សម្រាប់ការបំពាននៅក្នុងក្រមសីលធម៌របស់ FIFA ទាក់ទងនឹងជម្លោះផលប្រយោជន៍ ការស៊ីសំណូក និងអំពើពុករលួយ និងការផ្តល់ជូន និងទទួលយកអំណោយ ឬអត្ថប្រយោជន៍ផ្សេងៗទៀត។ FIFA បានឱ្យដឹងថា "ការដាក់ទណ្ឌកម្មលើលោក Burga Seoane ធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តពីមុន ដែលបង្ហាញដោយអង្គជំនុំជម្រះតុលាការក្នុងខែកក្កដា ឆ្នាំ២០១៩"។
ការសម្រេចចិត្តនោះត្រូវបានលុបចោលដោយតុលាការកីឡា (CAS) កាលពីខែមេសាឆ្នាំមុន ហើយបានបញ្ជូនទៅអង្គជំនុំជម្រះស៊ើបអង្កេតនៃគណៈកម្មាធិការសីលធម៌ឯករាជ្យ។ FIFA ក៏បានដាក់ទណ្ឌកម្មលើលោក Bimo Wirjasoekarta ប្រធានក្លឹបឥណ្ឌូនេស៊ី Tira Persikabo រយៈពេលពីរឆ្នាំបន្ទាប់ពីរកឃើញថា គាត់មានទោសពីបទ "ការគំរាមកំហែង ការបង្ខិតបង្ខំ និងការកេងប្រវ័ញ្ចលើកីឡាករ" ផងដែរ៕
អត្ថបទ៖នាង សុភាវុធ