ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី២៥ និងថែទាំវេជ្ជសាស្ត្រលើកទី១២ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
លោកសាស្រ្ដាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែងតែរៀបចំទិវានេះឡើងដើម្បីចែករំលែក នូវបច្ចេកទេស ឯកទេសវេជ្ជសាស្ត្រថ្មីៗ ទៅវិញទៅមក និងផ្លាស់ប្ដូរបទពិសោធន៍ ក្នុងគោលបំណងជំរុញឲ្យមានការយកចិត្តទុកដាក់ ពង្រឹង និងលើកស្ទួយបច្ចេកទេសជាប់ជាប្រចាំ ដើម្បីធ្វើឲ្យការផ្តល់សេវាព្យាបាល និងថែទាំ ប្រកបដោយគុណភាពប្រសិទ្ធភាពខ្ពស់ និងភាពស្មោះត្រង់ជូនដល់ប្រជាពលរដ្ឋ ទូទាំងប្រទេស និងឈានទៅរកការប្រកួតប្រជែងនូវសេវាវេជ្ជសាស្ត្រក្នុងតំបន់ និងពិភពលោកផងដែរ។
នៅក្នុងឆ្នាំ២០២៣នេះ មន្ទីរពេទ្យបានរៀបចំទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងការថែទាំវេជ្ជសាស្ត្រ ដោយប្រមូលផ្តុំប្រធានបទដ៏ល្អៗពីវាគ្មិនសំខាន់ៗគ្របដណ្តប់លើគ្រប់ជំនាញទាំងអស់ ដែលមានប្រធានបទ ទាំងអស់សរុបចំនួនជាង៣៩ប្រធានបទ ជាពិសេស គឺបានផ្ដោតសំខាន់ទៅលើការលើកកំពស់ការព្យាបាល និងថែទាំ ដូចជា៖ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលប្រកបដោយកំរិតខ្ពស់សំរាប់ជំងឺប្រព័ន្ធរលាយអាហារ ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងការព្យាបាលជួយសង្គ្រោះអ្នកជំងឺស្ទះសរសៃបេះដូងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលលើជំងឺផ្លូវដង្ហើម ក្រោយជំងឺកូវីដ-១៩ និងជំងឺផ្លូវដង្ហើមផ្សេងៗទៀតប្រធានបទការពង្រឹងការងារថែទាំ និងការផ្តល់សេវាសម្រាប់គិលានុបដ្ឋាក-យិកា ដើម្បីផ្តល់សេវាថែទាំជូនអ្នកជំងឺប្រកបដោយគុណភាព និងទាន់ពេលវេលា។ ប្រធានបទសំខាន់ៗខាងលើនេះ គឺសុទ្ធសឹងតែជំងឺដែលកំពុងមានការកើនឡើង និងជួប ប្រទះញឹកញាប់នៅក្នុងប្រទេសយើង។
នៅក្នុងសិក្ខាសាលានេះ មានវាគ្មិនធ្វើបទបង្ហាញចំនួន ៤០ រូប ដែលមកពីបណ្ដាផ្នែកឯកទេស នានាក្នុងមន្ទីរពេទ្យ និងមានអ្នកចូលរួមសរុបប្រមាណ ៤០០ នាក់ផងដែរ។
នាឱកាសនោះឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែង គ្រោះថ្នាក់ស្ទះសរសៃបេះដូង ជំងឺវិបត្តិចង្វាក់បេះដូង ជំងឺមហារីកប្រព័ន្ធរំលាយអាហារ មហារីកសួត ជាមូលហេតុឈានមុខគេក្នុងចំណោមមូលហេតុដទៃទៀត ដែលនាំឲ្យអត្រាមរណភាពខ្ពស់។ ការរៀបចំទិវា វេជ្ជសាស្ត្រ សល្យសាស្ត្រ និងទិវាថែទាំវេជ្ជសាស្ត្រ បានពង្រឹងការធ្វើរោគវិនិច្ឆ័យទាន់ពេល និង ការព្យាបាលប្រកបដោយបច្ចេកទេស និងគុណធម៌នាំមកនូវការកាត់បន្ថយអត្រាមរណភាព ដែលបណ្តាលមកពីជំងឺបេះដូង ជំងឺប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធផ្លូវដង្ហើមនៅក្នុងមន្ទីរពេទ្យផ្ទាល់។
ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋមន្រី្ត ក៏សូមអំពាវនាវឲ្យមន្ត្រីរាជការទាំងអស់ ពង្រឹងនូវបច្ចេកទេស ផ្លាស់ប្តូរ ឥរិយាបថពីទម្លាប់មិនល្អ ទៅជាអ្នកផ្តល់សេវាជូនប្រជាជនប្រកបដោយសីលធម៌ថ្លៃថ្នូរ មិនរើសអើងអ្នកជំងឺ ដែលស្របនឹងសុភាសិតលើកឡើងថា «គ្រូពេទ្យជាមាតាមានព្រហ្មវិហារធម៌ដ៏ល្អ របស់អ្នកជំងឺ»។ ពិសេសឆ្លងតាមរយៈការជួបជុំគ្នារយៈពេល២ថ្ងៃនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹងទទួលបាននូវបទពិសោធន៍ល្អៗ ដើម្បីយកទៅអនុវត្តទៅតាម អង្គភាពរៀងៗខ្លួន ដើម្បីពិនិត្យ ព្យាបាលអ្នកជំងឺ ឲ្យមានប្រសិទ្ធភាពខ្ពស់ រួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ ៕ អត្ថបទ រដ្ឋា





