ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួប ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃប្រទេស អូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
ក្នុងជំនួបពិភាក្សាការងារនេះបានប្រព្រឹត្តិទៅយ៉ាងល្អប្រកបដោយផ្លែផ្កាមួយចំនួននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ជាមួយគ្នានេះ ឯកអគ្គរាជទូតអូស្រ្តាលីថ្មី ក៏បានពោលសរសើរពីវឌ្ឍនភាពរបស់កម្ពុជា។
ក្នុងជំនួបជាមួយឯកឧត្តម Justin Whyatt ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានបញ្ជាក់អំពីទស្សនវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺធ្វើយ៉ាងណាលើកកម្ពស់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គម និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅជនបទ តាមរយៈយុទ្ធសាស្រ្ត២ សំខាន់ៗ គឺ៖ យុទ្ធសាស្រ្តទី១ ការលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅតាមរយៈការផ្ដល់សេវាទឹកស្អាត និងអនាម័យ និងការផ្សាព្វផ្សាយអំពីវិធីបង្ការរោគជាដើម។ យុទ្ធសាស្រ្តទី២ លើកកម្ពស់សេដ្ឋកិច្ចជនបទតាមរយៈការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធជនបទជាច្រើនរួមមាន៖ ផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការផ្សេងៗ និងការបង្កើតនូវមុខរបរផ្សេងៗ ដើម្បីឱ្យប្រជាពលរដ្ឋមានមុខរបរថ្មីក្រៅពីធ្វើស្រែចំការ។
ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះ ឯកឧត្តម បណ្ឌិតសភាចារ្យ និងបានកត់សម្គាល់ខ្ពស់អំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ព្រោះលោកធ្លាប់មកបំពេញការងារក្នុងប្រទេសកម្ពុជាកាលពីជាង២០ឆ្នាំមុន ដូច្នេះអ្វីដែលលោកបានឃើញនាពេលបច្ចុប្បន្ន គឺពិតជាមានវឌ្ឍនភាពច្រើនណាស់ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រទេស។
ឯកឧត្តម ឯកអគ្គរាជទូត ក៏បានកត់សម្គាល់ខ្ពស់ពីការគ្រប់គ្រងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា បានជោគជ័យ និងបានបើកនូវសេដ្ឋកិច្ចឡើងវិញបានឆាប់រហ័ស ឥឡូវនេះយើងឃើញថាកម្ពុជាកំពុងតែអភិវឌ្ឍន៍ឡើងវិញបន្ទាប់ពី រងផលប៉ះពាល់នៃជំងឺកូវីដ១៩។
បន្ថែមពីនេះឯកឧត្តម ឯកអគ្គរាជទូត ក៏បានបញ្ជាក់អំពីការជួយគាំទ្ររបស់អូស្រ្តាលី លើកកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចធន់ (CAP-RED) ដែលកម្មវិធីនេះ គឺផ្ដោតទៅលើវិស័យកសិកម្ម ទាក់ទងនឹងទឹក និងវិស័យពាណិជ្ជកម្មជាដើម។ មិនតែប៉ុណ្ណោះកន្លងទៅអូស្រ្តាលីក៏បានជួយគាំទ្រលើវិស័យទឹកស្អាត និងអនាម័យ ដែលមានអង្គការដៃគូមួយចំនួនបាន និងកំពុងធ្វើការលើវិស័យនេះ។
នៅក្នុងកិច្ចពិភាក្សាគ្នានេះ ក៏បានលើកឡើងអំពីបញ្ហាការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធជនបទ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់វិស័យទឹកស្អាត និងអនាម័យ ហើយថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាជាគោលការណ៍ថា ត្រូវតែរិះរកវិធីសាស្រ្តធ្វើយ៉ាងណាដើម្បីឱ្យ ការអភិវឌ្ឍនាពេលអនាគតមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
ជាការពិតណាស់រវាង កម្ពុជា និងអូស្រ្តាលី មានទំនាក់ទំនងល្អជាមួយគ្នាខាងការទូត ព្រមទាំងជាមួយក្រសួងពាក់ព័ន្ធផ្សេងៗ ដែលបានធ្វើការជាមួយគ្នា ហើយទូតអូស្រ្តាលីប្រចាំនៅកម្ពុជាក៏បានការជួយគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទតាមរយៈគម្រោងរបស់ ADB ជាដើម។
លើសពីនេះ ទូតអូស្រ្តាលីប្រចាំនៅកម្ពុជាក៏បានជួយគាំទ្រលើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ដល់អាហារូបករណ៍ជាច្រើន ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទក៏ទទួលបាននូវអាហារូបករណ៍មួយចំនួនផ្ដល់ជូនមន្រ្តីរបស់ក្រសួងចេញទៅសិក្សានៅប្រទេសអូស្រ្តាលីផងដែរ។ ជាចុងក្រោយកិច្ចជំនួបពិភាក្សាការងារ ឯកឧត្ដមរដ្ឋមន្រ្ដី និងឯកឧត្តម ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពថ្មី សន្យាថា នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីទំនាក់ទំនងនៃប្រទេសទាំង២កាន់តែមានភាពរឹងមាំ កាន់តែប្រសើរឡើងក្នុងពេលអនាគត៕អត្ថបទ៖ ចេន សុជាតា