
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មនុស្សដល់ទៅ ៨៤១នាក់ទៀតត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ដែលនាំឱ្យចំនួនឆ្លងសរុបនៅកម្ពុជាកើនឡើងលើស ១ម៉ឺន ៥ពាន់នាក់ហើយនៅត្រឹមថ្ងៃនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីឆ្លងថ្មីទាំង ៨៤១នាក់នេះ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគន៍២០កុម្ភៈទាំងអស់។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីដែលប្រកាសនៅថ្ងៃនេះ ត្រូវបានរកឃើញច្រើនបំផុតនៅរាជធានីភ្នំពេញរហូតដល់ ៥២៥នាក់ បន្ទាប់មករកឃើញអ្នកឆ្លងថ្មីចំនួន ១៥៣នាក់ទៀតនៅខេត្តបន្ទាយមានជ័យ ខណៈដែលខេត្តព្រះសីហនុ រកឃើញអ្នកឆ្លងថ្មី ៦២នាក់បន្ថែមទៀត។
ក្រសួងសុខាភិបាលឱ្យដឹងទៀតថា ខណៈដែលខេត្តកណ្ដាលរកឃើញអ្នកឆ្លងថ្មី ៣៣នាក់ទៀតនោះ ខេត្តកំពង់ចាមរកឃើញអ្នកឆ្លងថ្មី ២១នាក់បន្ថែមទៀតដែរ ហើយបន្ទាប់មកខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងថ្មី ១៥នាក់បន្ថែមទៀត។
សម្រាប់ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ រកឃើញអ្នកឆ្លងថ្មី ០៩នាក់បន្ថែមទៀតនៅក្នុងខេត្តនីមួយៗនេះ បន្ទាប់មកខេត្តសៀមរាប និងកំពង់ស្ពឺ រកឃើញ ៧នាក់ និង ៦នាក់បន្តបន្ទាប់គ្នា ហើយខេត្តព្រៃវែងវិញរកឃើញអ្នកឆ្លងថ្មីត្រឹមតែ ០១នាក់ប៉ុណ្ណោះ។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សដល់ទៅ ១៥ ៣៦១នាក់ហើយបានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេស ក្នុងនោះអ្នកឆ្លងដល់ទៅ ១៤ ៩០៨៦នាក់ ឬខ្ទង់ ៩៦ភាគរយ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ចំណែកអ្នកជាសះស្បើយសរុបវិញ ក្រសួងសុខាភិបាលបញ្ជាក់ថា មានចំនួន ៥ ៤៣០នាក់ហើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មី ៦១នាក់ទៀត ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ ខណៈអ្នកជំងឺ ៩ ៨១៨នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕