បាល់ទាត់៖ ខ្សែការពារក្រុមបិសាចក្រហម Manchester United, Luke Shaw បានចុះហត្ថលេខាបន្តកិច្ចសន្យាថ្មី ៤ឆ្នាំបន្ថែមដែលនឹងរក្សារូបគេនៅ Old Trafford ដល់ឆ្នាំ២០២៧។ ឆ្លងតាមកិច្ចសន្យានេះមានន័យថា កីឡាករវ័យ ២៧ឆ្នាំរូបនេះនឹងរួមរស់ជាមួយ Manchester United ជាងមួយទសវត្សរ៍តាំងពីផ្លាស់ពី Southampton នៅឆ្នាំ២០១៤។
Luke Shaw មានរដូវកាលដ៏អស្ចារ្យរបស់ខ្លួនក្រោមការដឹកនាំរបស់អ្នកចាត់ការ Erik ten Hag ដោយបានបង្ហាញខ្លួន ៣៦ប្រកួតគ្រប់ក្របខណ្ឌ រកបាន ១គ្រាប់ និងបោះបញ្ជូន ៦លើក។ គិតមកទល់ពេលនេះ Luke Shaw បង្ហាញខ្លួនសរុបឱ្យ Manchester United បាន ២៤៩ប្រកួតហើយ និងធ្លាប់ឆ្លងកាត់ឧបសគ្គមួយចំនួនតាមរយៈការផ្លាស់ប្តូរអ្នកចាត់ការកន្លងមក។ Luke Shaw ធ្លាប់ទទួលរងការរិះគន់ពីអតីតអ្នកចាត់ការ Jose Mourinho ដែលទាមទារឱ្យរូបគេអភិវឌ្ឍខ្លួន និងមិនសូវបានចូលលេងពេញលេញឡើយ ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់រូបនេះ។
តែក្រោយពីការមកដល់របស់ Ole Gunnar Solskjaer និងបន្ទាប់មក Erik ten Hag, Luke Shaw មានឱកាសចូលលេងទៀងទាត់។ Luke Shaw ក៏ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេស ២៩លើកផងដែរ និងស៊ុតបញ្ចូលទី ១គ្រាប់ក្នុងវគ្គផ្តាច់ព្រ័ត្រ Euro ដែលអង់គ្លេសចាញ់អ៊ីតាលីដោយបាល់ ១១ម៉ែត្រកាត់សេចក្តី៕
អត្ថបទ៖នាង សុភាវុធ