
អន្ដរជាតិ៖ គណបក្សសេរីនិយម ដែលជាគណបក្សប្រឆាំងធំរបស់ប្រទេសអូស្ត្រាលី បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនប្រឆាំងនឹងការបង្កើតស្ថាប័នពិគ្រោះយោបល់នៅក្នុងសភា ដែលអាចផ្តល់យោបល់ដល់សមាជិកសភាលើបញ្ហានានា ដែលប៉ះពាល់ដល់ជនជាតិដើមរបស់ប្រទេស។ ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលការងារឆ្វេងនិយមបានផ្លាស់ប្តូរសេចក្តីស្នើច្បាប់កាលពីសប្តាហ៍មុន ដើម្បីធ្វើប្រជាមតិជាតិដែលជាជំហានដំបូងឆ្ពោះទៅរកការពង្រឹងស្ថាប័នប្រឹក្សាឯករាជ្យសម្រាប់ជនជាតិដើមភាគតិចនៅក្នុងរដ្ឋធម្មនុញ្ញដោយការបង្កើតឲ្យជនជាតិដើមភាគតិចនូវសំឡេងនៅសភា។
មេដឹកនាំគណបក្សសេរីនិយម លោក Peter Dutton បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា សំឡេងនៅទីក្រុងកង់បេរ៉ា នឹងមិនដោះស្រាយបញ្ហានៅលើមូលដ្ឋានសម្រាប់សហគមន៍ជនជាតិដើមភាគតិចនោះទេ។
លោកនិយាយថា គណៈកម្មាធិការថ្នាក់តំបន់ និងមូលដ្ឋានក្នុងសហគមន៍ជនជាតិដើមភាគតិច អាចមានប្រសិទ្ធភាពជាងការមានស្ថាប័នជាតិ។
ទោះបីជាយ៉ាងណា លោក Dutton បាននិយាយថា គណបក្សរបស់លោកគាំទ្រការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដើម្បីទទួលស្គាល់ជនជាតិដើមភាគតិចតាមមធ្យោបាយផ្សេងទៀត។
