
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះថា ពលរដ្ឋខ្មែរ ០៤នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុប ឡើងទៅដល់ ១០៦នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង ០៤នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩នោះ សុទ្ធតែជាបុរសទាំងអស់។
ក្រសួងសុខាភិបាលឱ្យដឹងថា បុរសម្នាក់អាយុ ២៤ឆ្នាំ ដែលរស់នៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម បានស្លាប់កាលពីថ្ងៃសៅរ៍កន្លងមកនេះ នៅឯមន្ទីរពេទ្យបង្អែកខេត្ត ៣ថ្ងៃប៉ុណ្ណោះក្រោយពីបុរសរូបនេះ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ បន្ថែមលើជំងឺប្រចាំកាយផងដែរ។
ក្រសួងបានឱ្យដឹងទៀតថា បុរសម្នាក់ទៀតអាយុ ៤០ឆ្នាំដែលរស់នៅក្នុងខណ្ឌទួលគោក បានស្លាប់កាលពីថ្ងៃម្សិលមិញនេះ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ១៩ថ្ងៃក្រោយពីគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ-១៩។
ចំណែកឯបុរសម្នាក់ទៀតអាយុ៥៥ឆ្នាំ ដែលរស់នៅក្នុងខណ្ឌមានជ័យ ក្រសួងសុខាភិបាលបញ្ជាក់ថា បានស្លាប់កាលពីថ្ងៃម្សិលមិញ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែរ តែ ៣ថ្ងៃប៉ុណ្ណោះបន្ទាប់ពីគាត់ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រសួងឱ្យដឹងទៀតថា បុរសម្នាក់ទៀតអាយុ៦១ឆ្នាំដែលរស់នៅក្នុងខណ្ឌមានជ័យដែរ បានស្លាប់នៅព្រឹកថ្ងៃនេះ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៤ថ្ងៃក្រោយពីគាត់ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩។
ក្រសួងបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង ០៤នាក់នេះ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីសួតរបស់ពួកគាត់រលាកធ្ងន់ធ្ងរ ដែលបង្កឡើងដោយវីរុសកូវីដ-១៩។
គិតត្រឹមថ្ងៃនេះ តួលេខផ្លូវការចេញដោយក្រសួងសុខាភិបាលបញ្ជាក់ថា កម្ពុជាមានមនុស្សដល់ទៅ ១០៦នាក់ហើយបានស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងរយៈពេល ៥២ថ្ងៃចុងក្រោយមកនេះ៕