
ភ្នំពេញ៖ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ហៅកាត់ ខេមតិច រួមជាមួយសហគ្រិនខ្មែរ (KE), មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ (TSC) និង យូអិន អេស្កេប (UNESCAP) នៅព្រឹកថ្ងៃទី៥ មេសា ឆ្នាំ២០២៣នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីបណ្តុះគំនិតយុវជនឲ្យក្លាយទៅជាសហគ្រិនភាព នវានុវត្ត ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ បានប្រព្រឹត្តទៅរវាងលោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ខេមតិច, ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ និងឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ នៅសាកលវិទ្យាល័យ ខេមតិច ស្ថិតនៅតំបន់ CCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកបណ្ឌិត ឃៀង សុធី នៅក្រោយចប់ពិធីចុះហត្ថលេខានេះ បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មានថា គោលបំណងនៃកិច្ចសហការគ្នាខាងលើនេះ ដើម្បីជំរុញឲ្យមានគំនិតជំនាញសហគ្រិនភាព នវានុវត្ត ក្នុងចំណោមនិស្សិតក្នុងសាកល ខេមតិច និងនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗទៀតនៅកម្ពុជា។
លោកបានបន្តថា ក្រៅពីចុះហត្ថលេខានេះ សាលាក៏នឹងបើកឲ្យមានជាការដាក់ពាក្យ ដើម្បីចូលរួមក្នុងកម្មវិធីភ្ញាស់ធុរកិច្ចថ្មី ដោយជ្រើសរើសនិស្សិតទាំងស្ថាប័នរដ្ឋ និងឯកជនចំនួន ៥០នាក់។ លោកឲ្យដឹងទៀតថា កម្មវិធីនេះមានរយៈពេល ៨សប្តាហ៍ ក្នុងការជួយដល់យុវជន តាំងពីការរកគំនិត រហូតដល់ការបង្ហាញប្រកួតប្រជែងដើម្បីបានជារង្វាន់ ក៏ដូចជាឱកាសក្នុងការទទួលបានការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា ឬមុខវិជ្ជា ស្ទែម (STEM) ពីអ្នកជំនាញមកពីស្ថាប័នផ្សេងៗដែលមានបទពិសោធន៍ខ្ពស់ ក្នុងវិស័យសហគ្រិនភាព។
ឯកឧត្តមបណ្ឌិត តាំង ងួនលី បានមានប្រសាសន៍ថ តាមរយៈកម្មវិធីខាងលើនេះ សិស្សនឹងមានជំរើស អាចបង្កើតគំនិតអាជីវកម្មថ្មីដោយខ្លួនឯង ដែលផ្តល់ប្រយោជន៍យ៉ាងសំខាន់ក្នុងសង្គមជាតិទាំងមូល។
ស្របគ្នាខាងលើនេះ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានលើកឡើងថា ប៉ុន្មានឆ្នាំក្រោយនេះ រដ្ឋាភិបាលប្រឹប្រែងខ្លាំង ដើម្បីផ្សារភ្ជាប់វិស័យឯកជន រដ្ឋាភិបាល និងគ្រឹះស្ថានបណ្តុះបណ្តាល៕អត្ថបទ៖ ឈិត បូរ៉ាវី



