ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតជូនលោកស្រី Samina KADWANI នាយិកាពហុប្រទេសប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ, នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ។
ជាកិច្ចចាប់ផ្តើមឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបេសកកម្មរបស់លោកសី្រនាយិកា ពហុប្រទេសប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក និងបានថ្លែងអំណរគុណដល់ UNOPS ដែលបានគាំទ្រក្រសួងសុខាភិបាលតាំងពីឆ្នាំ២០១៣ តាមរយៈគម្រោងមូលនិធិសកលប្រយុទ្ធ នឹងជំងឺអេដស៍ របេង គ្រុនចាញ់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសរំលេចថា ក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជា និងពិភពលោកទាំងមូល បានរងនូវវិបត្តិកូវីដ-១៩ UNOPS បានចូលរួម ចំណែកសហការគាំទ្រការអនុវត្តគម្រោងជំនួយបន្ទាន់ប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ដែលឧបត្ថម្ភថវិកាដោយប្រទេសជប៉ុន រួមមាន៖ ១) ការធ្វើលទ្ធកម្មម៉ាស៊ីនផលិតអុកស៊ីហ្សែន ដាក់នៅមន្ទីរពេទ្យចំនួន១១ នៅទូទាំងប្រទេស។ ២) ការធ្វើលទ្ធកម្ម ម៉ាស៊ីន PCR ចំនួន៥គ្រឿង និងសម្ភារៈ បរិក្ខារមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្ដកូវីដ-១៩ និង ៣) ការធ្វើលទ្ធកម្មផ្គត់ផ្គង់សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រមួយចំនួនទៀត សរុបថវិកាជាង១១លានដុល្លារអាមេរិក។
នាឱកាសនោះ លោកស្រីនាយិកា ពហុប្រទេសប្រចាំតំបន់ បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត ចង្អុលបង្ហាញផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រប់គ្រងការរាលដាល នៃជំងឺកូរីដ-១៩ បានយ៉ាងល្អប្រសើរ ជំរុញឱ្យកម្ពុជាអាចបើកដំណើរការឡើងវិញទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គម តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។ លោកស្រីនាយិកា ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់បុគ្គលិកអង្គការសហប្រជាជាតិទាំងអស់ និងសមាជិកគ្រួសារ ជាពិសេសបុគ្គលិក UNOPS ដោយឥតគិតថ្លៃ។ លោកស្រីនាយិកា ក៏បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលបានសហការគាំទ្រយ៉ាងពេញទំហឹង ក្នុងការអនុវត្តគម្រោងនានាបានទទួលជោគជ័យដោយរលូន និងស្នើសុំពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការធ្វើឱ្យកាន់តែប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងកិច្ចសហការនានាជាបន្តទៀតរវាងក្រសួងសុខាភិបាល-UNOPS។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រចំពោះសំណើកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងក្រសួងសុខាភិបាល-UNOPS។ កិច្ចជំនួបពិភាក្សាបានបញ្ចប់ដោយលទ្ធផលគួរជាទីមោទនៈ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង និងក្រសួងសុខាភិបាល៕
អត្ថបទ៖ រដ្ឋា









