
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្រោមមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ-ដែលមានសន្តិសុខទឹក ប្រកបដោយចីរភាព» ក្នុងឱកាសបើកកិច្ចប្រជុំកំពូលមេគង្គលើកទី៤ នៅទីក្រុងវៀងច័ន្ទប្រទេសឡាវនាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ។
កិច្ចប្រជុំកំពូលនេះ មានការអញ្ជើញចូលរួមពីប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា ឡាវ វៀតណាម និងប្រតិភូតំណាងជាន់ខ្ពស់មកពីប្រទេសថៃ មីយ៉ាន់ម៉ារ ចិន រួមទាំងតំណាងដៃគូ នៃប្រទេសអភិវឌ្ឍន៍របស់គណៈកម្មការទន្លេមេគង្គ។
ក្នុងខ្លឹមសារសំខាន់ៗ ក្នុងសុន្ទរកថាគន្លឹះរបស់សម្ដេចតេជោ គឺបានស្នើឱ្យមានការផ្ដោតលើការយកចិត្តទុកដាក់រួមគ្នាក្នុងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គធ្វើយ៉ាងណាឲ្យប្រទេសទាំងអស់ រួមគ្នាក្នុងកិច្ចការថែរក្សាសន្តិសុខទឹកប្រកបដោយជីរភាព សម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរនាពេលបច្ចុប្បន្ន និងទៅអនាគត។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គលើកទី៤ ពិតមានតម្លៃខ្លាំងណាស់ ដើម្បីពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន តាមរយៈការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូឆ្ពោះទៅសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គលើកទី៤ នេះដែរ មេដឹកនាំនៃប្រទេស MRC បានឈានទៅចេញការអនុម័តលើសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទន៍លើចំណុចសំខាន់ៗ មួយចំនួនផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា



