កីឡា ៖ បាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ ក្រុមដំរីឦសានរតនគីរី រកបានបីពិន្ទុ ក្នុងពូលD ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ក្រោយឈ្នះឡាយអិនសៀមរាប ៣ ទល់២ នៅកីឡដ្ឋានខេត្តសៀមរាប ស្វាយធំ ទោះបី ម្ចាស់ផ្ទះ ឡាយអិន សៀមរាប នាំមុខមុន ២ទល់០ យ៉ាងណាក៏ដោយ។
ជំនួបនេះ នៅនាទីទី៣២ និង៣៧ កីឡាករម្ចាស់អាវលេខ៩ ឈួន រ៉ានីពោ រកបានពីរគ្រាប់ឱ្យម្ចាស់ផ្ទះសៀមរាប នាំមុខ ២ទល់នឹង០ ប៉ុន្តែ ២នាទីមុនចប់ការប្រកួតកីឡាករ សម្បត្តិ បញ្ញា វាយបកបានមួយគ្រាប់វិញឱ្យ ដំរីឦសាន កាត់បន្ថយគម្លាតនាំមុខ។ ចប់ការប្រកួតម្ចាស់ផ្ទះនាំមុខ ភ្ញៀវ ២ទល់នឹង១។
យ៉ាងណាក៏ដោយចាប់ផ្តើមតង់ទី២បានត្រឹមតែ៤នាទី កីឡាករ ម្ចាស់អាវលេខ១០ ចាន់ ម៉ាន់ រកគ្រាប់ស្មើឱ្យក្រុមរបស់ខ្លួនរតនគីរី។ នាទីនៅសេសសល់គ្មានគ្រាប់បាល់បន្ថែមទៀតកើតឡើងនោះទេ តែក្នុងនាទីបន្ថែមបង្គ្រប់កីឡាករដូរចូល វឿន ព្រះគុណ បន្ថែមគ្រាប់ជ័យជំនះឱ្យរតនគីរី ឈ្នះ ៣ទល់២។
ថ្ងៃជាមួយគ្នានេះដែរ ក្រុមម្ចាស់ផ្ទះខេត្តព្រះវិហា រកបានត្រឹមមួយពិន្ទុ ក្រោយវាយបកតាមស្មើ មណ្ឌលគីរី ២ទល់នឹង២ នៅទីលានបាល់ទាត់សាលាតម្រង់ទិសវិទ្យាល័យជាស៊ីមត្បែងមានជ័យ។
លេងបាន៣១នាទីកីឡាករ មោះ មនោរិទ្ធ រកគ្រាប់បាល់បើកការនាំមុខឱ្យម្ចាស់ផ្ទះព្រះវិហារ ប៉ុន្តែនាទីទី៥៣ កីឡាករព្រះវិហារ ហាក់ ងួនឡៃហេង ធ្វើឱ្យមានកំហុសចូលទីខ្លួនឯង។ ៤នាទីបន្ទាប់ មណ្ឌលគីរី នាំមុខវិញម្តងដោយគ្រាប់បាល់កីឡាករ ឃាង វីរៈ។ លុះ៨នាទីមុនចប់ការប្រកួតកីឡាករ បូ ចាន់ទិត្យតារា បង្កើតគ្រាប់ស្មើឱ្យព្រះវិហារស្មើ មណ្ឌលគីរី ២ទល់២។





