
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្នើដល់ប្រទេសជាសមាជិក របស់គណៈកម្មការទន្លេមេគង្គ (MRC) យកចិត្តទុកដាក់លើបញ្ហាគ្រាប់មិនទាន់ផ្ទុះនៅក្នុងទន្លេមេគង្គ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចំពោះការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើបែបនេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្រោមមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ-ដែលមានសន្តិសុខទឹក ប្រកបដោយចីរភាព»។
កិច្ចប្រជុំកំពូលនេះ ក៏មានការអញ្ជើញចូលរួមពីប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា ឡាវ វៀតណាម និងប្រតិភូតំណាងជាន់ខ្ពស់មកពីប្រទេសថៃ មីយ៉ាន់ម៉ា ចិន រួមទាំងតំណាងដៃគូ នៃប្រទេសអភិវឌ្ឍន៍របស់គណៈកម្មការទន្លេមេគង្គផងដែរ។
សម្ដេចតេជោបានថ្លែងថា នៅក្នុងទន្លេមេគង្គមានគ្រាប់យុទ្ធភណ្ឌមិនាន់ផ្ទុះជាច្រើនដែលចាំបាច់ត្រូវដោះស្រាយ ពីព្រោះបញ្ហាបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍ និងជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋ ដែលប្រទេសជាសមាជិកទន្លេមេគង្គត្រូវរួមគ្នាគិតគូរដោះស្រាយ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គលើកទី ៤ នេះដែរ មេដឹកនាំនៃប្រទេស MRC បានឈានទៅចេញការអនុម័តលើសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទន៍លើចំណុចសំខាន់ៗដូចជា បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងបន្ថែម ទៀតនូវតួនាទីរបស់ MRC ក្នុងការជួយធានាឲ្យអាងទន្លេមេគង្គ មានសន្តិសុខទឹក ស្បៀងអាហារ និង ថាមពល និងប្រកបដោយចីរភាពផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថានជាដើម៕ អត្ថប៖ វ៉ន ដារ៉ា




