
អន្ដរជាតិ៖ ក្រោយប្រតិបត្តិការអស់រយៈពេល ១១ម៉ោង ក្រុមគ្រូពេទ្យគ្មានព្រំដែន(MSF) បានរាយការណ៍ថា ជនអន្តោប្រវេសន៍ចំនួន ៤៤០នាក់ ត្រូវបានជួយសង្រ្គោះចេញពីទូកផ្ទុកមនុស្សលើសចំណុះមួយគ្រឿង នៅជិតតំបន់ឆ្នេរប្រទេសម៉ាល់តា។
សញ្ញាគ្រោះថ្នាក់ទទួលបានដោយនាវាសង្រ្គោះ Geo Barents របស់ MSF ពេលដែលពួកគេធ្វើដំណើរតាមផ្លូវទៅកាន់ប្រទេសនៅក្នុងសមុទ្រមេឌីទែរ៉ាណេមួយនេះ ដើម្បីស្វែងរកជម្រកគេចចេញពីព្យុះ។
យោងតាមការអះអាងរបស់ MSF បានឲ្យដឹងថា នៅវេលាម៉ោង ៤ព្រឹក ថ្ងៃអង្គារ ក្រោយធ្វើដំណើរឆ្លងកាត់សមុទ្រស្ថានភាពមានព្យុះអស់រយៈពេលជាង ១០ម៉ោង នាវា Geo Barents បានមកដល់ទូកនេសាទដឹកជនអន្តោប្រវេសន៍មួយគ្រឿង។
ជាអកុសល អាកាសធាតុអាក្រក់ បានរារាំងក្រុមរបស់ពួកគេ ពីការសង្រ្គោះដោយផ្ទាល់ ដែលអាចធ្វើឲ្យជីវិតជនរងគ្រោះ និងជីវិតក្រុម MSF ស្ថិតក្នុងហានិភ័យ។
MSF បញ្ជាក់ថា មនុស្សសរុប ៤៤០នាក់ រួមទាំងស្រ្តី ៨នាក់ និងកុមារ ៣០នាក់ បច្ចុប្បន្នត្រូវបានឡើងកាន់នាវា Geo Barents ដោយសុវត្ថិភាព និងទទួលបានការព្យាបាលពីក្រុមការងារ ក្រោយប្រតិបត្តិការជួយសង្រ្គោះអស់រយៈពេលជាង ១១ម៉ោង៕
