ព្រះអគ្គិជ័យកីឡា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ាហ្គេម ឆ្នាំ២០២៣ បានបន្ដដំណើរដល់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយ កាលពីរាត្រីថ្ងៃទី០៥ ខែមេសា ក្រោមការដឹកនាំរបស់ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិ CAMSOC អមដំណើរដោយលោកបណ្ឌិត សេង ហ៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
បេសកកម្មដ៏មានអត្ថន័យនេះ មុននឹងនាំយកព្រះអគ្គិជ័យកីឡា ទៅតម្កល់ និងរក្សាទុកនៅស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីនេះ គឺទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ព្រមទាំងវត្តមានលោក Datuk Mohd Nasir Ali នាយបេសកកម្មស៊ីហ្គេម និងជាសមាជិកគណៈកម្មាធិការជាតិអូឡាំពិកម៉ាឡេស៊ីនៅអាកាសដ្ឋានអន្ដរជាតិគូឡាឡាំពួ ។
ឯកឧត្តម ហោ សារុន ក៏បានបង្ហាញពីប្រវត្តិខ្លះៗ នៃដំណើរគោលចរព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម មុនដង្ហែតាមបណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាធ្វើដំណើរដល់ទឹកដីម៉ាឡេស៊ី គឺបានឆ្លងកាត់ព្រះរាជពិធីសុំភ្លើងព្រះអគ្គិអាទិទេព និងព្រះរាជពិធីប្រោសព្រះរាជប្រទានព្រះអគ្គិជ័យកីឡា នៅប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា។
ក្រោយទទួលបានព្រះអគ្គិជ័យ សម្រាប់ដំណើរឆ្ពោះទៅពិធីបើកការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ក្នុងនាមបេសកជនពិសេស ឯកឧត្តមបានដឹកនាំប្រតិភូ ៨រូបផ្សេងទៀត ដើម្បីដង្ហែព្រះអគ្គិជ័យកីឡានេះ ចេញពីខេត្តសៀមរាប ទៅកាន់បណ្ដាប្រទេសក្នុងតំបន់ ដោយផ្ដើមពីរដ្ឋធានីហាណូយ ប្រទេសវៀតណាមមុនគេ បន្ទាប់មកមានហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត ដែលបានរៀបចំពិធីដង្ហែដោយជោគជ័យ និងការគាំទ្រគួរឲ្យកត់សម្គាល់ មុនបន្ដដំណើរដល់ប្រទេសម៉ាឡេស៊ី ដែលគ្រោងរៀបចំពិធីដង្ហែនាថ្ងៃទី១១ ខែមេសានេះ ។សូមបញ្ជាក់ថា ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ មិនត្រឹមតែជាពិធីមួយ ដែលជានិមិត្តរូបតំណាងឲ្យការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្ដែក៏ជាការបង្ហាញពីភាពរឹងមាំ មោះមុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមដំបូងសន្ដិភាព ។ លើសពីនេះ ព្រះអគ្គិជ័យកីឡា ដែលដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនាតាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង «សហគមន៍សន្ដិភាព និងវាសនាតែមួយ» ផងដែរ ៕អត្ថបទលី ឈុនឡា



