បាល់ទាត់៖ ពីរប្រកួតជាប់គ្នាហើយដែលខ្សែប្រយុទ្ធបារាំង Karim Benzema ស៊ុតបញ្ចូលទី ៣គ្រាប់ម្នាក់ឯង។ បន្ទាប់ពីគ្រាប់បាល់ Hat-Trick កាលពីថ្ងៃអាទិត្យនៅពេល Real Madrid យកឈ្នះ Real Madrid ៤-១ នោះ ម្ចាស់ជ័យលាភី Ballon D’Or រូបនេះក៏រកបាន Hat-Trick ម្តងទៀតក្នុងការប្រកួតពានរង្វាន់ Copa del Rey យកឈ្នះនៅទឹកដី Barcelona។

បន្ទាប់ពីចាញ់ក្នុងទឹកដីខ្លួនឯង ១-០ កាលពីជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ Real Madrid ត្រលប់មកទឹកដី Barcelona វិញសងទាំងការទាំងដើម។ ខ្សែប្រយុទ្ធស្លាបប្រេស៊ីល Vinicius Junior បើកការនាំមុខឱ្យ Real Madrid ពីការវាយបកនៅវគ្គទី១ នាទីទី៤៥+១។

បីគ្រាប់ម្នាក់ឯងរបស់ Karim Benzema គឺសំរេចបាននៅវគ្គទី២ នៅនាទីទី៥០ ៥៨ និង ៨០ ដែលជាគ្រាប់បាល់ទី ២៦ គ្រប់ក្របខណ្ឌក្នុងរដូវកាលនេះ។ ជ័យជំនះនេះធ្វើឱ្យ Real Madrid ឡើងវគ្គផ្តាច់ព្រ័ត្រ Copa del Rey ដោយនឹងត្រូវជួបជាមួយ Osasuna នៅថ្ងៃទី៦ ខែឧសភា៕
អត្ថបទ៖នាង សុភាវុធ