បាល់ទាត់៖ ឈានដល់វ័យ ៣៥ឆ្នាំក្នុងឆ្នាំ២០២១ នេះ ឃឹម បូរី នៅតែជាកម្លាំងស្នូលមួយរូបសម្រាប់ក្លិបណាហ្គាវើលដ៍ ប្រកួតប្រជែងក្នុងក្របខណ្ឌ Metfone Cambodian League និងមានរយៈពេលជាង ១០ឆ្នាំហើយដែលគេចូលលេងបាល់ទាត់កម្រិតខ្ពស់។

អតីតសមាជិកជម្រើសជាតិកម្ពុជាមានកំណើតនៅខេត្តតាកែវ ត្រូវបានមិត្តរួមក្រុមចាត់ទុកជាកីឡាករអាជីពគំរូមួយរូប ដែលអាចរក្សាកាយសម្បទា និងកម្លាំងបានល្អ ទោះអាយុកាន់តែកើន។ ទាក់ទងទៅនឹងការរក្សាអាជីពបាល់ទាត់បានច្រើនឆ្នាំបែបនេះ ឃឹម បូរី បង្ហើបថា បានប្រកាន់ខ្ជាប់ចំណុចសំខាន់៣ គឺ “១.ការហ្វឹកហាត់ខ្លាំងជាមួយក្រុម និងហាត់ដោយខ្លួនឯងអ្វីដែលខ្វះខាត និងពង្រឹងអ្វីដែលមាន។ ២.ការហូបចុកអោយបានត្រឹមត្រូវ គឺយើងត្រូវគិតតើអ្វីដែលយើងត្រូវហូបដើម្បីជួយរាងកាយ និងថាមពលរបស់យើង។ ៣.ការសម្រាកឲ្យបានល្អ។ បីចំណុចនេះត្រូវតែដើរទន្ទឹមគ្នា ខ្វះមួយណាក៏មិនបានដែរ។”
ឃឹម បូរី ផ្ដើមអាជីពបាល់ទាត់ក្នុងឆ្នាំ២០០៦ នៅក្លិបក្រសួងការពារជាតិ (បច្ចុប្បន្នសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ), ភ្នំពេញក្រោន និងណាហ្គាវើលដ៍។ គេក៏ធ្លាប់ចំណាយពេលមួយរដូវកាល២០១១ នៅក្លិបលីគកំពូលថៃ Sisaket ដែរលើលក្ខខណ្ឌខ្ចីពីភ្នំពេញក្រោន។ ក្រោយលេងជាខ្សែបម្រើ និងប្រយុទ្ធជាច្រើនឆ្នាំ ហើយថែមទាំងបានឈ្នះស្បែកជើងមាសក្របខណ្ឌកំពូលកម្ពុជាឆ្នាំ២០០៨ ផងនោះគេត្រូវបានគ្រូបង្គោលណាហ្គាវើលដ៍ មាស ចាន់ណា ដាក់ឲ្យរ៉ាប់រងក្នុងតំណែងការពារប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឃឹម បូរី ដែលជាប់ជម្រើសជាតិកម្ពុជាដំបូងក្នុងឆ្នាំ២០០៧ ចង់បន្តអាជីពបាល់ទាត់នេះរយៈពេល ២ឆ្នាំទៀត តែក៏អាស្រ័យលើស្ថានភាពជាក់ស្ដែង៕
អត្ថបទ៖ CNCC