បាល់ទាត់៖ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 នឹងត្រូវរៀបចំនៅអំឡុងខែមករា-កុម្ភៈឆ្នាំ ២០២៤ នេះបើតាមសេចក្តីប្រកាសផ្លូវការរបស់ AFC នៅថ្ងៃពុធម្សិលមិញ។
ព្រឹត្តិការណ៍បាល់ទាត់ធំជាងគេប្រចាំទ្វីបអាស៊ីមួយនេះត្រូវបានគេសម្រេចកាលពីឆ្នាំ២០១៩ ថាចិននឹងធ្វើជាម្ចាស់ផ្ទះ តែក្រោយមកប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើលោកមួយនេះ បានដកខ្លួនវិញដោយសារគោលនយោបាយ zero-COVID។ ក្រោយមកកាតាដែលជាម្ចាស់ផ្ទះ World Cup ឆ្នាំមុនប្រកបដោយជោគជ័យនោះត្រូវបានប្រកាសថានឹងរៀបចំជំនួសចិន ទោះបីមានការប្រជែងពីកូរ៉េ និងឥណ្ឌូនេស៊ី។ ការដែល AFC Asian Cup 2023 នេះសម្រេចលើកទៅរៀបចំនៅខែមករា-កុម្ភៈ ឆ្នាំ២០២៤ នោះគឺដោយសារអំឡុងរដូវក្តៅនៅតំបន់មជ្ឈិមបូព៌ាមានអាកាសធាតុក្តៅពេក។
កាតាធ្លាប់ធ្វើម្ចាស់ផ្ទះ Asian Cup ពីរលើករួចហើយកាលពីអតីតកាលគឺនៅឆ្នាំ១៩៨៨ និង ២០១១ ហើយកាតាគឺជាជើងឯកព្រឹត្តិការណ៍ចុងក្រោយបំផុតកាលពីឆ្នាំ២០១៩ នៅទឹកដីអារ៉ាប់រួម។ ម្ចាស់ផ្ទះកាតាបញ្ជាក់ថា កីឡដ្ឋាន ៨ នឹងត្រូវយកមកប្រើប្រាស់ដែលក្នុងនោះមាន ៦កីឡដ្ឋានធ្លាប់ទទួលការប្រកួត World Cup ឆ្នាំមុននៅពេលអាហ្សង់ទីនជាជើងឯក។ AFC Asian Cup ធ្វើនៅដើមឆ្នាំ២០២៤ នោះក៏នឹងជាន់កាលវិភាគជាមួយបាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations ផងដែរដែលនឹងធ្វើឡើងពីថ្ងៃទី១៣ ខែមករាដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤៕
អត្ថបទ៖នាង សុភាវុធ