កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោលចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំឃុំផ្តៅជុំ និងអតីតសកម្មជនគណបក្សប្រឆាំង ចំនួន ៣៧នាក់ ដែលមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី០៥ ខែមេសា ម្សិលមិញនេះ។
មូលហេតុចំបងនៃការចាកចេញពីគណបក្សប្រឆាំង មកចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា គឺដោយសារមុនការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ បេក្ខភាពមេឃុំបក្សប្រឆាំងបានសន្យាយ៉ាងច្រើន ជាមួយពួកគាត់ នៅពេលដែលខ្លួនជាប់ឆ្នោតជាមេឃុំ។ លុះដល់ពេលឈ្នះឆ្នោតប្រជាពលរដ្ឋមិនបានឃើញមេឃុំបក្សប្រឆាំងរូបនេះ បានធ្វើតាមករសន្យារបស់ខ្លួនសោះ ដោយយកលេសគ្រប់បែបយ៉ាង និងថែមទាំងស្តីបន្ទោសដល់សមាជិកខ្លួន និងរាជរដ្ឋាភិបាលទៅវិញ នៅខណៈពេលដែលខ្លួនគ្មានសមត្ថភាពអ្វីសោះ បានត្រឹមតែសន្យាខ្យល់។ ផ្ទុយទៅវិញ ពួកគាត់មើលឃើញមានតែក្រុមការងារគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលនៅតែបន្តធ្វើ ជួយប្រជាពលរដ្ឋដោយមិនរើសអើងនិន្នាការគណបក្ស កសាងសមិទ្ធផលនានាក្នុងមូលដ្ឋាន ទោះជានៅក្នុងតំបន់ដែលគណបក្សខ្លួនមិនបានជាប់ជាមេឃុំក៏ដោយ។ ពួកគាត់បានមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាម្តងម្នាក់ និងមួយគ្រួសារ រហូតបានចំនួន ៣៧នាក់នេះ ហើយបានប្តេជ្ញាចូលរួមរាល់សកម្មភាពរបស់គណបក្ស គោរពគោការណ៍ និងអនុវត្តតាមគោលនយោបាយគណបក្សប្រជាជនកម្ពុជា ឱ្យបានល្អ ជាពិសេសបន្តសកម្មភាពឃោសនាអូសទាញញាតិមិត្តដែលនៅគាំទ្រគណបក្សប្រឆាំង ឱ្យមកចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាវិញជាបន្តបន្ទាប់ ដើម្បីរួមគ្នាការពារនូវសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនជានិរន្ត។
ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំឃុំផ្តៅជុំ ប្រជាពលរដ្ឋ និងអតីតសកម្មជនគណបក្សប្រឆាំង ដែលមកចូលរួមជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា ទាំងអស់ដែលមានវត្តមានក្នុងកម្មវិធី។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានសំណេះសំណាល និងពន្យល់ដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងពិធីនីមួយៗ អំពីសារៈសំខាន់នៃការចូលរួមជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ មានសមាជិកច្រើនជាងគេ មានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ និងកសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជានិរន្ត។ ជោគវាសនាដ៏ល្អនៃប្រទេសកម្ពុជា ដែលទទួលបានជាងបួនទសវត្សរ៍កន្លងមកនេះ ក៏ដោយសារ ឧត្តមភាពរបស់គណបក្សប្រជាជន ដែលមានវីរជនដ៏ឆ្នើមជាច្រើនរូប ដែលបានធ្វើពលិកម្មគ្រប់សព្វបែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្នូលដឹកនាំ ជាសសរទ្រូងដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់បំផុតជូនជាតិមាតុភូមិ និងប្រជាជន។
បន្ថែមទៀតនោះ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នេះដែរ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់នូវ ឡដុតសម្រាម ក្នុងវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ និងសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជាង ៥០០នាក់។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានចូលរួមសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២៤០គ្រួសារ និងសម្ពោធប្រឡាយទឹកប្រវែង ១០៤៥ម៉ែត្រ និងផ្លូវប្រវែង ១២០០ម៉ែត្រ ក្នុងភូមិចាំនាង ឃុំផ្តៅជុំ ព្រមទាំងផ្តល់ប្រេងជូនតាមសំណូមពរដល់ប្រជាកសិករ សរុបចំនួន ២០កាន សម្រាប់បូមទឹកដាក់ទំនប់ទោលចារបឹងចេក និងទំនប់ត្រពាំងអណ្តើក ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្រោចស្រព្វដីស្រែ ចំនួន ៨០ហិចតា បណ្តាលមកពីការបាក់ទំនប់ស្តុកទឹក។ ការឧបត្ថម្ភទាំងអស់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈ ឯកឧត្តមបណ្ឌិត ម៉ឹង មករា និងក្រុមការងារជនបង្គោលចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ក្រោមការដឹកនាំរបស់ ឯកឧត្ដមបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌ មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋនៅជនបទរួមមាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ៕














