បាល់ទាត់៖ អតីតខ្សែបម្រើ និងអ្នកចាត់ការ Chelsea, Frank Lampard ត្រូវបានគេដឹងថា បានយល់ព្រមក្នុងការត្រលប់មកដឹកនាំក្រុមតោខៀវ Chelsea បណ្តោះអាសន្ន ស្របពេលប្រធានក្លិបលោក Todd Boehly នៅមិនទាន់រកអ្នកចាត់ការថ្មីបាននៅឡើយ បន្ទាប់ពីការដកតំណែងលោក Graham Potter។
លោក Graham Potter ត្រូវបានដកតំណែងកាលពីថ្ងៃអាទិត្យបន្ទាប់ពី Chelsea ចាញ់ Aston Villa ក្នុងផ្ទះខ្លួនឯងធ្លាក់ដល់លេខ ១១ នៅ Premier League មុនពេលលេងស្មើ ០-០ ទល់នឹង Liverpool កាលពីយប់ថ្ងៃអង្គារ។ Frank Lampard ដែលពាក់កណ្តាលរដូវកាលនេះដឹកនាំ Everton មុនពេលត្រូវបានដកតំណែងកាលពីខែមករានោះ នឹងត្រលប់មកកាន់ Stamford Bridge សាជាថ្មីដូចអ្វីដែលក្លិបធ្លាប់បានលើកឡើងពេលចែកផ្លូវគ្នាកាលពីឆ្នាំ២០២១។
បុរសវ័យ ៤៤ឆ្នាំរូបនេះគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេឱ្យ Chelsea សរុប ២១១គ្រាប់ និងធ្លាប់ដឹកនាំ Chelsea ៨៤ប្រកួតចន្លោះឆ្នាំ២០១៩-២០២១។ តំណែងអ្នកចាត់ការនៅ Chelsea កំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ បន្ទាប់ពីមានសារព័ត៌មានជាច្រើនចុះផ្សាយឈ្មោះអ្នកចាត់ការមួយចំនួន ដែលអាចមកកាន់ការនៅ Stamford Bridge មានដូចជា Julian Nagelsmann និង Luis Enrique ជាដើម៕
អត្ថបទ៖នាង សុភាវុធ