UN៖ សហរដ្ឋអាមេរិក អង់គ្លេស អាល់បានី និងប្រទេសម៉ាល់តា បានដើរចេញពីមុខបេសកជនរុស្ស៊ីទទួលបន្ទុកសិទ្ធិកុមារ ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិស្វែងរកចាប់ខ្លួនពីបទឧក្រិដ្ឋកម្មសង្គ្រាម ខណៈលោកស្រីបាននិយាយតាមបណ្តាញវីដេអូ ទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ទី៥ ខែមេសា។
ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានរារាំងកិច្ចប្រជុំក្រៅផ្លូវការ ស្តីពីបញ្ហាអ៊ុយក្រែនដែលបានកោះប្រជុំដោយប្រទេសរុស្ស៊ី ដើម្បីផ្តោតលើការជម្លៀសកុមារចេញពីតំបន់ជម្លោះ ពីការផ្សាយតាមបណ្តាញអ៊ីនធឺណិតរបស់អង្គការសហប្រជាជាតិ។ អ្នកការទូតច្រើននាក់បានដើរចេញពីបន្ទប់សន្និសីទរបស់អង្គការសហប្រជាជាតិ ជាកន្លែងដែលការពិភាក្សាកំពុងត្រូវបានធ្វើឡើង ខណៈស្នងការរុស្ស៊ីលោកស្រី Maria Lvova-Belova និយាយ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បាននិយាយទៅកាន់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិករួមជាមួយចក្រភពអង់គ្លេសរារាំងការផ្សាយតាមគេហទំព័រ ដូច្នេះលោកស្រី Lvova-Belova ពុំមានវេទិកាអន្តរជាតិដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត និងព្យាយាមការពារទង្វើដ៏អាក្រក់របស់លោកស្រី ដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។
តុលាការព្រហ្មទណ្ឌអន្តរជាតិកាលពីខែមុនបានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងលោកស្រី Lvova-Belova ដោយចោទប្រកាន់អ្នកទាំង២ ពីបទនិរទេសកុមារដោយខុសច្បាប់ពីអ៊ុយក្រែន និងការផ្ទេរមនុស្សខុសច្បាប់ទៅរុស្ស៊ីពីប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានវាយលុកនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ទីក្រុងមូស្គូបាននិយាយថា ដីកាទាំងនោះត្រូវបានចាត់ទុកជាមោឃៈតាមផ្លូវច្បាប់ ដោយសាររុស្ស៊ីពុំមែនជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញា ដែលបានបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ ទីក្រុងមូស្គូមិនបានលាក់បាំងកម្មវិធី ដែលខ្លួនបាននាំកុមារអ៊ុយក្រែនរាប់ពាន់នាក់ទៅកាន់ប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែបានបង្ហាញថាជាយុទ្ធនាការមនុស្សធម៌ដើម្បីការពារកុមារកំព្រា និងកុមារដែលត្រូវបានបោះបង់ចោលនៅក្នុងតំបន់សង្គ្រាម។ អ្នកការទូតបាននិយាយថា វាកម្រណាស់ដែលការផ្សាយតាមគេហទំព័ររបស់អង្គការសហប្រជាជាតិត្រូវបានរារាំង៕
អត្ថបទ៖ ប៊ុនថន