អ៊ីស្រាអែល៖ សាក្សីនិយាយថា នគរបាលអ៊ីស្រាអែលបានប៉ះទង្គិចជាមួយជនជាតិប៉ាឡេស្ទីននៅវិហារអ៊ីស្លាម Al-Aqsa របស់ទីក្រុងហ្សេរុយសាឡឹម (Jerusalem) ជាលើកទី២ កាលពីថ្ងៃពុធទី៥មេសា ប៉ុន្មានម៉ោងក្រោយការចាប់ខ្លួន និងបណ្តេញចេញមនុស្សជាង ៣៥០នាក់ក្នុងការវាយឆ្មក់នៅវិហារពីសំណាក់នគរបាលអ៊ីស្រាអែល ទោះបីជាមានការអំពាវនាវពីសហរដ្ឋអាមេរិកឲ្យបន្ធូរបន្ថយភាពតានតឹងក៏ដោយ។

បុគ្គលិកអង្គការ Waqf ដែលជាអង្គការអ៊ីស្លាមតែងតាំងដោយជនជាតិហ្សកដានី សម្រាប់ការគ្រប់គ្រងវិហារនេះបាននិយាយថា ជាលើកទី២ កាលពីយប់ជ្រៅថ្ងៃពុធ នគរបាលបានចូលទៅក្នុងបរិវេណវិហារនេះ និងបានព្យាយាមជម្លៀសក្រុមអ្នកបួងសួងចេញដោយប្រើគ្រាប់បែកផ្សែង និងបាញ់គ្រាប់កាំភ្លើងជ័រ។ ក្រុមមនុស្សដែលបានឃើញហេតុការណ៍នេះបាននិយាយថា ក្រុមអ្នកបួងសួងបានគប់វត្ថុផ្សេងៗលើនគរបាល។ អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយថា មនុស្ស ៦នាក់បានរងរបួសក្នុងការប៉ះទង្គិចគ្នានោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយនគរបាលបាននិយាយថា ក្រុមយុវជនរាប់សិបនាក់បានយកដុំថ្ម និងកាំជ្រួចភ្ញីចូលទៅក្នុងវិហារ និងព្យាយាមបិទទ្វារសំងំនៅក្នុងវិហារនោះ។ ទោះយ៉ាងណា អង្គការ Waqf បាននិយាយថា នគរបាលបានចូលទៅក្នុងវិហារមុនពេលពិធីបួងសួងបញ្ចប់។ មិនដល់ ២៤ម៉ោងផងនគរបាលបានឆ្មក់ចូលវិហារនេះ ក្នុងបំណងព្យាយាមដេញមនុស្សចេញនូវអ្វីដែលពួកគេនិយាយថា ត្រូវបង្កឡើងដោយក្រុមភ្នាក់ងារបង្កហេតុដែលបិទខ្លួនឯងនៅខាងក្នុង ក្រោយប៉ុនប៉ងនាំក្រុមអ្នកបួងសួងទាំងនោះចេញដោយសារតែការចរចាមិនត្រូវគ្នា៕
អត្ថបទ៖ សុខមាន