កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុក ពញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញអោយយុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវលេងកីឡាឲ្យបានគ្រប់គ្នា ដើម្បីសុខភាព និងបង្កើនមិត្ត តែជៀសឲ្យឆ្លាយពីគ្រឿងញៀន។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងពេលឯកឧត្តមដឹកនាំក្រុមយុវជនក្រសួងអភិវឌ្ឍន៍ជនបទ មកប្រកួតបាល់ទាត់មិត្តភាពជាមួយក្រុមយុវជនស្រុកសាមគ្គីមានជ័យ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្រុកកំពង់ត្រឡាច។
នាឱកាសនោះ ឯកឧត្តម អ៊ុក ពញា បានជំរុញដល់យុវជនយុវតី សិស្សានុសិស្ស ត្រូវចូលរួមលេងកីឡាឲ្យបានគ្រប់ៗគ្នា ទោះកីឡាប្រភេទអ្វីក៏ដោយ ដើម្បីរក្សាសុខភាពឲ្យបានរឹងមាំ និងបង្កើននូវមិត្តភាព ប៉ុន្ដែត្រូវជៀសឲ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ និងគ្រឿងញៀន។ ដើម្បីលើស្ទួយផ្នែកវិស័យកីឡាឲ្យមានសមត្ថភាពល្អ ដើម្បីប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ យុវជន យុវតី សិស្សានុសិស្សត្រូវខិតខំស្វែងយល់ និងបច្ចេកទេសពីគ្រូបង្វឹក និងធ្វើការដកស្រង់បច្ចេកទេសបទពិសោធន៍ពីកីឡាល្អៗ ហើយការកីឡាត្រូវចេះស្រលាញ់គ្នា រួមសាមគ្គីគ្នា ត្រូវចេះយល់ចិត្តគ្នាចេះឲ្យតម្លៃគ្នាទៅវិញទៅមក ទើបក្រុមទទួលបាននៅភាពជោគជ័យ ហើយអាចប្រកួតរកជើងឯកជាមួយប្រទេសជិតខាង។ យុវជន យុវតី សិស្សានុសិស្ស ត្រូវរួមគ្នាលេងកីឡាដើម្បីលើកស្ទួយផ្នែកវិស័យអបរំ ឲ្យមានភាពល្បីល្បាយកិត្តិយសប្រទេសជាតិ ជាពិសសយុវជន យុវតី សិស្សានុសិស្សត្រូវយកចិត្តដាក់ក្នុងការសិក្សាពីព្រោះសិស្សានុសិស្ស គឺទំពាំងស្នងឬស្សី សម្រាប់ទ្រទ្រង់អនាគតនៃប្រទេសជាតិ។
ចំណែកឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទក៏បានបន្ថែមថា៖ យុវជនទាំងអស់ ត្រូវរួមគ្នា ធ្វើការកៀគរសប្បុរសជននានា ដើម្បីជួយគាំទ្រ ដល់ក្រុមកីឡាកររបស់យើង គ្រប់គ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន។ ត្រូវតែបង្កើតឲ្យមានទីលានសម្រាប់លេងកីឡា និងក្លិបកីឡាប្រចាំគ្រឹះស្ថានសិក្សារបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ការងារអប់រំកាយ និងកីឡាបំផុសសកម្មភាពអប់រំកាយ និងកីឡាដល់សិស្សានុសិស្សឲ្យចូលរួមហាត់ប្រាណ និងលេងកីឡាឲ្យបានផុលផុសដើម្បីថែរក្សា និងបំប៉នសុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ឲ្យប្រកបដោយសីលធ៌ម និងដើម្បីឲ្យយុវជន សិស្សានុសិស្ស ចៀសឆ្ងាញពីការប្រព្រឹត្តនូវសកម្មភាពអសីលធម៌ អំពើអបាយមុខផ្សេងៗ ជាពិសេសគឺការសេពគ្រឿងញៀនតែម្តង។
ឯកឧត្តម ក៏បានបន្តថា៖ យុវជន និងកីឡាកររបស់ទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយចែករំលែក ព័ត៌មានឲ្យបានទូលំទូលាយតាមរយៈបណ្ដាញសង្គម អំពីដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣នាខែឧសភាខាងមុខ និងយុទ្ធនាការជាតិរាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ ដោយ ៖ ហុង វាស្នា








