កំពង់ឆ្នាំង ៖ វិទ្យាល័យហ៊ុនសែនរលាប្អៀរជើង កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣រៀបចំធ្វើ សង្រ្កាន្តឆ្នាំថ្មី ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ព្រឹត្តិការណ៍សង្រ្កាន្តនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ ។
ព្រឹត្តិការណ៍សង្រ្កាន្តនេះ បានបង្ហាញនូវសមិទ្ធិផលនានាជាច្រើនដែលស្នាដៃរបស់សិស្សានុសិស្ស រវាងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង និង បានបង្ហាញឱ្យឃើញស្នាដៃនៃសិល្បៈរបស់យុវសិស្សនៃវិទ្យាល័យហ៊ុនសែនរលាប្អៀរជើង ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ សំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំនិងអ្នកគ្រប់គ្រង សាលានៃវិទ្យាល័យហ៊ុនសែនរលាប្អៀរជើងនាពេលនេះ ដែលបានយកចិត្តទុកដាក់រៀបចំឱ្យមាននូវព្រឹត្តិការណ៍សង្រ្កាន្តនេះ ក្នុងគោលបំណង ក្នុងគោលដៅសំខាន់អភិរក្ស និងបង្ហាញឱ្យយុវជនបានស្វែងយល់ យកចិត្តទុកដាក់លើអ្វីដែលជាកេរមរតករបស់ខ្មែរ ។ បានយល់ដឹងពីតម្លៃការថែរក្សាល្បែងប្រជាប្រិយខ្មែរ ដែលដូនតាបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ។ ដូច្នេះពួកគេ និងយុវជនដ៏ទៃនឹងបន្តចូលរួមការពារទៅថ្ងៃអនាគត តាមរយៈផ្សព្វផ្សាយដល់មហាជនបានដឹងពីអ្វី ដែលខ្មែរកំពុងមាន ។
ឯកឧត្តមបានញ្ជាកទៀតថា សន្តិភាពពិតជាមានតម្លៃណាស់ មានសន្តិភាពគឹមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ និង បានបង្ករលក្ខណៈឱ្យមានឱកាសចូលរួមកិច្ចការងារសង្គម និង ចូលរួមបុណ្យប្រពៃណីផ្សេងៗបានដោយគ្មានការភ័យខ្លាចពីអសន្តិសុខ។ ដូចនេះយុវជនជំនាន់ក្រោយ ត្រូវតែចូលរួមថែរក្សាសន្តិភាពនេះឱ្យគង់វង្សជារៀងរហូតក្រោមការដឹកនាំរបស់សម្តេចហ៊ុនសែនជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ៖ ហុង វាស្នា









