ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើង សាលាថៃង្វៀន នៅក្នុងប្រទេសវៀតណាម នឹងបង្កើនផ្តល់អាហាររូបករណ៍ និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវ: ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនប្រទេសទាំងពីរ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងជំនួបការងារជាមួយ ឯកឧត្តម Nguyen Ba Hoan អនុរដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម និងឯកឧត្តម Le Quang Tien សមាជិកគណៈកម្មការប្រតិបត្តិ នៃគណៈកម្មការគណបក្សខេត្ត និងជាអភិបាលរងខេត្ត នៃគណៈកម្មការប្រជាជនខេត្តថៃង្វៀន រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ នៃសាលាថៃង្វៀន កាលពីព្រឹកថ្ងៃទី៦ មេសា ឆ្នាំ២០២៣នេះ បានសម្តែងនូវមនោសញ្ចេតនារំភើបរីករាយ ដែលបានមកទស្សនកិច្ចនៅដល់ទឹកដីខេត្តថៃង្វៀន ជាពិសេសសាលា ថៃ ង្វៀន ដែលកន្លងមកបានផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជាមកបន្តការសិក្សានៅទីនេះ ចំនួន ១៨១នាក់ និងបច្ចុប្បន្ននេះ កំពុងសិក្សាចំនួន ១០៨នាក់ កម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកអំពីទំនាក់ទំនងកម្ពុជា និងវៀតណាម ដែលមានតាំងពីយូរណាស់មកហើយ ហើយប្រៀបបីដូចជាបងប្អូន ដែលតែងតែជួយគ្នាគ្រប់កាលៈទេសៈ។ ឯកឧត្តមបានបន្តថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាអាទិភាពមួយនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស។ កម្ពុជាកំពុងបង្កើនការបណ្តុះបណ្តាលធនធានមនុស្សស្របតាមគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ និងអាទិភាពដែលបានដាក់ចេញក្នុងផែនការយុទ្ធសាស្រ្តនៃការធ្វើទំនើបកម្មនៃប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។ បច្ចុប្បន្នមានគ្រឹះស្ថានសិក្សាសរុបចំនួន ៣២៥ ក្នុងនោះគ្រឹះស្ថានរដ្ឋក្រោមឱវាទក្រសួងមានចំនួន ៣៧ ដែលគ្រឹះស្ថានសិក្សាចំនួន ៣១ បានទទួលវិញ្ញាបនបត្រប្រព័ន្ធគ្រប់គ្រងគុណភាពស្តង់ដារអន្តរជាតិ ISO 9001:2015។
ឯកឧត្តម បន្ថែមថា ការផ្តល់អាហារូបករណ៍ដល់សិស្សកម្ពុជាកន្លងមក វាពិតជាបានជួយ និងបានផ្តល់ឱកាសដល់ពួកគេ ឱ្យទទួលបានជំនាញច្បាស់លាស់ និងជំនាញបច្ចេកទេស ដើម្បីយកទៅបម្រើការងារនៅកម្ពុជា ជាពិសេសបម្រើការងារនៅតាមរោងចក្រ សហគ្រាស របស់អ្នកវិនិយោគិនវៀតណាម នៅកម្ពុជា។
ឆ្លើយតបនឹងសំណូមពរ របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម, ថ្នាក់ដឹកនាំខេត្តថៃ ង្វៀន និងសាលាថៃ ង្វៀន នឹងបន្តផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជាចំនួន ៤៥កន្លែងថែមទៀត លើកម្រិតបរិញ្ញាបត្រ/កម្រិតវិស្វករ សម្រាប់ឆ្នាំ២០២៣នេះ។
ជាកិច្ចថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ផ្តល់គ្រឿងឥស្សរយស ជូនសាលាថៃង្វៀន ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កិត្តិយសដល់ការខិតខំជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា៕ ដោយ ៖ បូរ៉ាវី





