ចិន៖ ប្រមុខសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen និងលោកប្រធានាធិបតីបារាំង Emmanuel Macron គ្រោងជួបប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃព្រហស្បតិ៍ ទី៦មេសានេះសម្រាប់ការពិភាក្សានានា ដែលអាចកំណត់ទិសដៅសម្រាប់ទំនាក់ទំនងនាពេលអនាគត ក្រោយការទំនាក់ទំនងប្រេះស្រាំរយៈពេលជាច្រើនឆ្នាំមកនេះ។
លោក Macron ដែលបានទៅដល់ទីក្រុងប៉េកាំងកាលពីល្ងាចថ្ងៃពុធ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហភាពអឺរ៉ុបត្រូវតែទប់ស្កាត់ចំពោះការថយចុះពាណិជ្ជកម្ម និងទំនាក់ទំនងការទូតជាមួយទីក្រុងប៉េកាំង ដែលខ្វែងគំនិតគ្នាជាមួយលោកខាងលិចជុំវិញបញ្ហាកោះតៃវ៉ាន់ បច្ចេកវិទ្យា និងទំនាក់ទំនងជិតស្និទ្ធរបស់ចិនជាមួយរុស្ស៊ី។ លោកស្រី Von der Leyen បាននិយាយមុនដំណើររបស់លោកស្រីថា សហភាពអឺរ៉ុបត្រូវតែកាត់បន្ថយបញ្ហាប្រឈមក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងប៉េកាំង ខណៈប្រទេសចិនបានផ្លាស់ប្ដូរយុគសម័យនៃកំណែទម្រង់ និងការបើកចំហរទៅកាន់គោលដៅមួយនៃបញ្ហាសន្តិសុខ និងការគ្រប់គ្រង។
ទំនាក់ទំនងរបស់សហភាពអឺរ៉ុបជាមួយចិនបានជូរចត់ខ្លាំង ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះភាគច្រើនដោយសារផលប៉ះពាល់នៃការវិនិយោគដែលបានជាប់គាំងក្នុងឆ្នាំ២០២១ និងការច្រានចោលការថ្កោលទោសរបស់ទីក្រុងប៉េកាំងលើរុស្ស៊ី ជុំវិញការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន