កំពត៖ ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ខេត្តកំពត ត្រូវបានប្រកាសជាខេត្តអស់មីនទី១២ ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលគាំទ្រពី គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា ការងារបោសសម្អាតមីននៅខេត្តកំពត បានចាប់ផ្តើមពីឆ្នាំ ១៩៩៤ ដោយប្រតិបត្តិករចំនួន ៣ រួមមាន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មជ្ឈមណ្ឌលជាតិ NPMEC និងអង្គការ HALO Trust បោសសម្អាតក្នុងទំហំផ្ទៃដីសរុបចំនួន ២៥ ៦៦៦ ១៤១ ម៉ែត្រក្រឡា ស្មើនឹង ២៥២ ចម្ការមីន/គ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៤៥៥៣ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១១ គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ២៨៨៧២ គ្រាប់ ដោយមានអ្នកទទួលផលសរុបចំនួន ២២១៤៤៣ នាក់ ។ សមិទ្ធិផលនេះ បានកើតចេញពីគុណតម្លៃនៃសន្តិភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានសំដែងនូវអំណរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់ គណៈអភិបាលខេត្តកំពត ជាពិសេសគណៈកម្មាធិការសកម្មភាពមីនខេត្ត(ភីម៉ាក់) និងក្រុមការងាររៀបចំផែនការសកម្មភាពមីន(ម៉ាពូ) សម្រាប់សមិទ្ធផលដ៏ត្រចះត្រចង់នេះ។
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ២.៥៧៩ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ក្នុងនោះផ្ទៃដីប្រមាណ ៧៦ % ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពកសិកម្ម ដើម្បីចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍនៅកម្ពុជា។
ជាមួយនឹងកិច្ចខិតប្រឹងប្រែងនេះ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីននិងគ្រាប់ចំនួន ១.៨៨៥ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៦៣ គីឡូម៉ែត្រក្រឡា ដែលកម្ពុជាមានមហិច្ឆតាបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥ និងផ្ទៃដីមានគ្រាប់បែកចង្កោម ៧២៩ គីឡូម៉ែត្រក្រឡា និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ៥៩៣ គីឡូម៉ែត្រក្រឡា នឹងត្រូវបន្តដោះស្រាយក្រោយឆ្នាំ២០២៥។









