ភ្នំពេញ÷ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានជំរុញឲ្យក្រុមហ៊ុនដែលទទួលម៉ៅការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ឲ្យរួចរាល់ទៅតាមផែនការ។
ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង យ៉ាងដូច្នេះ នាឱកាសចុះពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព និងមានការចូលរួមពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។ ក្រោយពីចុះពិនិត្យវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យជាតិ តេជោសន្តិភាព នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រួចមកឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំនៅក្នុងទីតាំង នៃមន្ទីរពេទ្យនេះផងដែរ ដើម្បីរិះរកគ្រប់វិធីសាស្ត្រធ្វើយ៉ាងណាឲ្យសំណង់ដ៏សំខាន់មួយនេះ បានរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក ពិសេសអគារ H-3 ដែលជាអគារសម្រាប់វះកាត់ និងព្យាបាលកីឡាករ កីឡាការិនី ដែលរងរបួសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ តាមបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ធ្វើយ៉ាងណាឲ្យក្រសួងសុខាភិបាលរៀបចំបន្ទប់វះកាត់ និងព្យាបាលជំងឺ H-3 នេះឲ្យបានរួចរាល់នៅមុន ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ខាងមុខនេះ។
សូមរំលឹកផងដែរថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹក ម្ចាស់ដី ដើម្បីសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2) អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) ។ សរុបចំនួនគ្រែអ្នកជំងឺពីអគារ ( H1 ដល់ H7) ទាំងអស់មានប្រមាណ១ម៉ឺនគ្រែ ជាមួយនិងអគារបច្ចេកទេស (T)។ មនី្ទរពេទ្យជាតិនេះ មានចំណតរថយន្ត (P) សួនច្បារ (G3) មានសួនបៃតង អគារផ្គត់ផ្គង់ និងព័ត៌មាន (A) អគារស្នាក់នៅសម្រាប់បុគ្គលិក (S)។ សម្រាប់អគារ A, S, E, H1, H2, H3, H4, H5, H6, H7, T1, T2 ដែលអគារនីមួយៗ សុទ្ធតែមានមុខងារសំខាន់ៗ ជាពិសេសអគារ T1, T2 ។ មន្ទីរពេទ្យជាតិដ៏ធំមួយនេះគ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការនៅខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកជំងឺទាំង១៤ខណ្ឌ នៅរាជធានីភ្នំពេញ ព្រមទាំងអ្នកជំងឺដែលមកពីខេត្ដកណ្ដាល និងកំពង់ស្ពឺ ជាព្រំប្រទល់ជាប់រាជធានីភ្នំពេញ។ ក្នុងករណីដែលមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ គឺមន្ទីរពេទ្យជាតិដ៏ធំមួយនេះអាចមានលទ្ធភាព ក្នុងការទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ មន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដា។
អគារសម្រាប់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នឹងត្រូវសាងសង់ឲ្យបានរួចរាល់ក្នុងរយៈពេល១ឆ្នាំ ដើម្បីបំពេញតម្រូវការចាំបាច់ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ការចាប់ផ្តើមដំណើរការសាងសង់មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះ ពិតជាបានបង្ហាញឲ្យឃើញពីការគិតគូរបស់អាជ្ញាធររាជធានីភ្នំពេញតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ៕
អត្ថបទ ÷ រដ្ឋា










