ភ្នំពេញ៖នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៧មេសានេះ គណៈរដ្ឋមន្រ្តី បានបន្តបើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៣ ដែលបានលើកពេលកាលពីថ្ងៃសុក្រសប្តាហ៍មុន។
គួរបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រសប្តាហ៍មុន គឺបានសម្រេចលើកយករបៀបវារៈដែលបានគ្រោងចំនួន៣ទៀត សម្រាប់ការពិភាក្សានៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នេះ រួមមាន៖
-សេចក្តីព្រាងផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។
-ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាល អានុភាព ៧០ មេហ្គាវ៉ាត់ នៅ ស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត អានុភាព ១០០ មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ផ្គួបគ្នា។
-គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១៥០ មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់ , អានុភាព ៦០ មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង, អានុភាព ៦០ មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និងអានុភាព ៨០ មេហ្គាវ៉ាត់ ខេត្តព្រៃវែង៕