ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ការដាក់ទណ្ឌកម្ម របស់ អាមេរិកមកលើក្រុមហ៊ុន UDG ជាទង្វើរំខានទំនាក់ទំនងកម្ពុជា-ចិន ក្នុងនោះ ទង្វើនេះ នឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំជាងមុន។
ស្របពេលរាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា បានប្រតិកម្មចំពោះសហរដ្ឋអាមេរិក ដែលបានសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន យូញៀន ឌីវេឡូបមែន ខូអិលធីឌី ឬហៅថា UDG ដែលជា ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ ក្នុងខេត្តកោះកុង លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យា សាស្ត្រនយោបាយ បានប្រាប់BTVនៅថ្ងៃនេះថា ដំណើរការសម្រេចចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិក ទៅលើក្រុមហ៊ុនUDGនេះ បានឆ្លុះបញ្ចាំងលើទិដ្ឋភាពនយោបាយចំនួនពីរ ទី១- ការសម្រេចដាក់ ទណ្ឌកម្ម នេះ ជាទង្វើបំផ្លាញទំនាក់ទំនងកម្ពុជា-ចិន និងទី២- ជាទង្វើជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
លោកបណ្ឌិត គិន ភា បានបន្តទៀតថា ទោះបីជាអាមេរិក ខិតខំព្យាយាមរំខានទំនាក់ទំនងកម្ពុជា- ចិន ក្តី ប៉ុន្តែតាមរយៈកិច្ចសហប្រតិបត្តិការ ដែលបណ្តាមេដឹកនាំជាច្រើនបានឃើញ ចំណងមិត្តភាពដែក ថែប រវាងកម្ពុជា-ចិន មិនអាចត្រូវបានធ្វើឲ្យរង្គោះរង្គើឡើយ។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញកាលពីថ្ងៃទី២០ ខែកញ្ញា នេះ បានឲ្យដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការ បាន ប្រកាសស្វាគមន៍ចំពោះដំណើរទស្សនកិច្ចស្វែងរកការពិតរបស់អាមេរិក ឬប្រទេសជាមិត្តនានា ដើម្បីបញ្ចប់ ការចោទប្រកាន់ និងការមន្ទិលសង្ស័យ ដែលថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន UDG នៅតំបន់ អភិវឌ្ឍន៍តារាសាគរ ក្នុងខេត្តកោះកុង នឹងត្រូវប្រើប្រាស់ជាមូលដ្ឋានយោធាចិនផងដែរនោះ៕