ភ្នំពេញ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា បានទទួលជួបសំណេះសំណាល និងទទួលអំណោយ ជារទេះរុញជនពិការចំនួន ៤១៦គ្រឿង ពី ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា នាថ្ងៃទី១៥ ខែកុម្ភៈ២០១៩នេះ។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវអគ្គលេខាធិការរងទី១ ក៏បានរំលឹកពីអតីតកាលរបស់កម្ពុជាដែលបាន ហែលឆ្លងភ្នក់ភ្លើងសង្រោ្គមជាច្រើនសម័យកាល ដែលក្នុងនោះគឺបានធ្វើអោយប្រជាជនកម្ពុជា ទទួលរងទុក្ខវេទនា ឈឺចាប់ខ្លោចផ្សារ លើសពីនោះទៀត គឺបានបន្សល់ទុក នៅគ្រាប់មិនទាន់ផ្ទុះជាច្រើន ស្ទើរតែទូទាំងប្រទេស ដែលធ្វើអោយប្រជាពលរដ្ឋ ស្លូតត្រង់ជាច្រើននាក់ បានទទួលរងគ្រោះដល់អាយុជីវិត និងពិការដោយសារគ្រាប់មីនទាំងនេះ។
លោកជំទាវអគ្គលេខាធិការរងទី១ បានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចំពោះ អាជ្ញាធរកម្ពុជាគ្រប់គ្រង សកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ព្រោះថាពីរឆ្នាំជាប់គ្នាមកនេះ អាជ្ញាធម៌មីនបានប្រគល់ ជារទេះរុញជនពិការ ដល់កាកបាទក្រហមកម្ពុជាចំនួនពីរលើក រួចមកហើយ សំរាប់ទុកចែកជួន បន្តទៅដល់ជនពិការគ្រប់ទិសទី ដោយមិនគិតពីនិន្នាការ។
ជំនួសមុខឱ្យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវអគ្គលេខាធិការរងទី១ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះអាជ្ញាមីន ដែលបានបរិច្ចាគរទេះរុញជនពិការ ជូនដល់កាកបាទក្រហមកម្ពុជា ដែលនេះជាការចែករំលែក ក្តីស្រឡាញ់របស់អង្គភាព ជូនដល់ប្រជាពលរដ្ឋកម្ពុជា។ រទេះទាំងនេះ កាកបាទក្រហមកម្ពុជា នឹងយកទៅចែកជួនដល់ដៃ ប្រជាពលរដ្ឋ ដែលជាជនពិការ ទីទាល់ក្រ ដែលមានសេចក្តីត្រូវជាចាំបាច់បំផុត។
ជាចុងក្រោយ លោកជំទាវ បានជូនពរដល់ អាជ្ញាធរកម្ពុជាគ្រប់គ្រង សកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន បន្តបាននូវភាពជោគជ័យរបស់ខ្លួន ក្នុងការកំចាត់មីនអោយអស់ពីទឹកដីកម្ពុជា បន្តមានកិច្ចសហប្រតិបត្តិការល្អៗ ជាមួយស្ថាប័នពាក់ព័ន្ធ និងទទួលបានការគាំទ្រ កាន់តែច្រើនពីជំនួយសប្បុរសជន៕




