បាល់ទាត់លើតុ៖ សហព័ន្ធថ្មីកីឡាបាល់ទាត់លើតុកម្ពុជា ក្រោមកិច្ចសហការពីគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ បានរៀបចំប្រកួតកីឡាបាល់ទាត់លើតុអាស៊ីអាគ្នេយ៍រយៈពេល ២ថ្ងៃពីថ្ងៃទី០៦-០៧ ខែមេសា ឆ្នាំ២០២៣ នៅទីលានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ត្រៀមស៊ីហ្គេមលើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ នៅកម្ពុជា។
លោក ញ៉ាន សុខវិសាល ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តំណាងឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាគូសបញ្ជាក់ថា ប្រភេទកីឡាបាល់ទាត់លើតុនេះនឹងត្រូវដាក់ឲ្យប្រកួតក្នុងស៊ីហ្គេមនាខែឧសភា ឆ្នាំ២០២៣ ដោយមានមេដាយដូចប្រភេទកីឡាផ្សេងៗដែរ ប៉ុន្តែគ្រាន់តែមិនរាប់បញ្ជូលក្នុងបញ្ជីមេដាយផ្លូវការប៉ុណ្ណោះ។ មន្ត្រីសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាបានឱ្យដឹងថា ការប្រកួតបាល់ទាត់លើតុបុរេស៊ីហ្គេមរយៈពេល ២ថ្ងៃនេះមាន ៤ប្រទេសចូលរួមមានកម្ពុជា ឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ី ដោយមាន ៥ក្រុមក្នុងនោះម្ចាស់ផ្ទះ ២ក្រុម។ គោលបំណងចម្បងនៃបុរេប្រកួតស៊ីហ្គេមនេះគឺដើម្បីតេស្តសមត្ថភាពកីឡាករ-កីឡាការិនី និងតេស្តសមត្ថភាពមន្ត្រីអាជ្ញាកណ្តាល ចៅក្រម រួមទាំងការរៀបចំរបស់មន្ត្រីមុនការប្រកួតស៊ីហ្គេមជាផ្លូវការចូលមកដល់នាខែឧសភាខាងមុខ។
ប្រកួតនេះមានចំនួន ៥វិញ្ញាសា ដូចគ្នានឹងវិញ្ញាសាដែលត្រៀមប្រកួតស៊ីហ្គេមលើកទី៣២ ដែរ ដោយក្នុងនោះមានវិញ្ញាសាឯកត្តជនបុរស-នារី គូបុរស-នារី និងចម្រុះបុរស-នារី។ សូមបញ្ជាក់ថា កីឡាបាល់ទាត់លើតុនេះលេងដំបូងនៅក្នុងប្រទេសហុងគ្រីនាឆ្នាំ២០១២ ដោយអ្នកចូលចិត្តកីឡាបាល់ទាត់ ៣រូបគឺអតីតកីឡាករអាជីព Gábor Borsányi អ្នកជំនួញ György Gattyán និងអ្នកវិទ្យាសាស្ត្រកុំព្យួទ័រ Viktor Huszár។ Teqball ជាប្រភេទកីឡាលេងជាមួយបាល់លើតុកោង ដោយបញ្ចូលគ្នានូវរបៀបលេងកីឡាសីដក់ និងវាយកូនឃ្លីលើតុ ហើយកីឡានេះត្រូវបង្ហាញផងដែរក្នុងអូឡាំពិកទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលឆ្នាំ២០១៦៕