ស៊ីហ្គេម៖ ព្រឹកថ្ងៃទី៦ ខែមេសា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំគណៈកម្មាធិការជាតិចុះទៅត្រួតពិនិត្យកន្លែងប្រកួតក្នុងពហុកីឡដ្ឋានជាតិ ដែលជាទីតាំងមួយក្នុងចំណោមទីតាំងបីធំៗនៅរាជធានីភ្នំពេញ ត្រូវបម្រើដល់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។
យោងមន្ត្រីទទួលបន្ទុកកិច្ចការទីលានបានបញ្ជាក់ថា ពហុកីឡដ្ឋានជាតិត្រូវទទួលធ្វើជាកន្លែងប្រកួត ៩ប្រភេទកីឡា រួមមានបាល់ទាត់បុរស (ពូល A), បាល់ទះ, បាល់ទឹក, កាយសម្ព័ន្ធ, ប៉េតង់, សីដក់, សូហ្វតិន្នីស, លើកទម្ងន់ និងកីឡារាំ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃថា ការងារជួសជុលទីលានប្រកួតនានាក្នុងពហុកីឡដ្ឋានជាតិ បានសម្រេចស្ទើរតែរួចរាល់ទាំងស្រុងហើយ ខណៈនៅសល់តែការកែលម្អ និងតុបតែងបន្ថែមទៀតប៉ុណ្ណោះ។
យើងមានភាពកក់ក្ដៅ ហើយក៏មានមោទនភាពចំពោះបណ្ដាទីតាំងទាំង ៩ប្រភេទកីឡាដែលបានពិនិត្យឃើញថា រៀបរយអស់ហើយ នៅសល់តែការតុបតែងមួយចំនួនឱ្យមានសោភ័ណភាពសមស្រប ទៅតាមតម្រូវការផ្នែកកីឡារបស់យើង ដែលយើងត្រូវប្រកួតពេលខាងមុខ។ ស៊ីហ្គេម ២០២៣ ដំណើរការប្រកួតពីថ្ងៃទី២៩ ខែមេសាដល់ថ្ងៃទី១៧ ខែឧសភា ខណៈពេលនេះដំណើរគប់ភ្លើងស៊ីហ្គេមកំពុងសំចតនៅប្រទេសម៉ាឡេស៊ី ហើយរត់ដង្ហែនៅថ្ងៃទី១១ ខែមេសាខាងមុខនេះ៕