បារាំង៖ ក្រុមអ្នកតវ៉ានិយមជ្រុលបានប៉ះទង្គិច ជាមួយកងកម្លាំងសន្តិសុខប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការបង្ហាញកំហឹងថ្មីប្រឆាំងកំណែទម្រង់សោធននិវត្តន៍របស់ប្រធានាធិបតីលោក Emmanuel Macron ដោយបានចាប់ខ្លួនមនុស្សរាប់សិបនាក់ ហើយមួយចំនួនបានចាប់ផ្តើមដុតភ្លើងនៅភោជនីយដ្ឋានមួយកន្លែង ក្នុងចំណោមភោជនីយដ្ឋានដែលលោកចូលចិត្ត។

ខណៈចំនួនក្រុមបាតុករបានថយចុះ សហជីពមានបំណងរក្សាសម្ពាធរយៈពេលជិតបីខែ មុនការចេញសេចក្តីសម្រេចរបស់តុលាការដ៏សំខាន់មួយនៅសប្តាហ៍ក្រោយ ស្តីពីកែប្រែអាយុចូលនិវត្តន៍។ កំណែទម្រង់ដ៏ចម្រូងចម្រាសស្វែងរកការបង្កើនអាយុចូលនិវត្តន៍ពី ៦២ ដល់ ៦៤ឆ្នាំ ខណៈតម្រូវឱ្យពលរដ្ឋធ្វើការយូរជាងមុនសម្រាប់ការទទួលបានប្រាក់ឈ្នួលពេញលេញ។ លោក Macron ដែលពេលនេះកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន កំពុងប្រឈមមុខបញ្ហាធំបំផុតនៃអាណត្តិទី២ របស់លោកជុំវិញការផ្លាស់ប្តូរ ដោយបដិសេធយ៉ាងដាច់អហង្ការមិនព្រមផ្លាស់ប្តូរឥរិយាបថ ទោះបីជាមានការធ្លាក់ចុះអត្រាប្រជាប្រិយភាពផ្ទាល់ខ្លួនក៏ដោយ។
បាតុកម្មត្រូវបានធ្វើឡើងនៅទូទាំងប្រទេស ដោយប្រជាជននាំគ្នាលើកស្លាក ឬគ្រវីទង់ជាតិសហជីពពីទីក្រុងប៉ារីសទៅកាន់ទីក្រុងម៉ុងប៉ែលលីយេ (Montpellier) និងម៉ាសី (Marseille) ភាគខាងត្បូង។ ក្រសួងមហាផ្ទៃបាននិយាយថា មនុស្ស ៥៧០,០០០នាក់បានធ្វើបាតុកម្មកាលពីថ្ងៃព្រហស្បតិ៍ ដែលចំនួននេះធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន ៧៤០,០០០នាក់ដែលបានរាប់កាលពីសប្តាហ៍មុន។ តួលេខផ្លូវការនៅតែទាបជាងការរាប់របស់អ្នករៀបចំបាតុកម្មដោយសហជីព CGT ដែលបានអះអាងថា មនុស្ស ៤០០,០០០នាក់បានមកតវ៉ានៅទីក្រុងប៉ារីស ខណៈក្រសួងបានសរុបមានចំនួនត្រឹមតែ ៩៣,០០០នាក់៕
អត្ថបទ៖ ប៊ុនថន