បាល់ទាត់៖ អតីតខ្សែបម្រើ និងអ្នកចាត់ការ Chelsea, Frank Lampard បានត្រលប់មកដឹកនាំក្រុមតោខៀវ Chelsea សាជាថ្មីក្នុងតំណែងបណ្តោះអាសន្នដល់ចប់រដូវកាល ដើម្បីកាន់ការបន្តពីលោក Graham Potter ដែលត្រូវបានបណ្តេញចេញ។
បុរសវ័យ ៤៤ឆ្នាំរូបនេះគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេឱ្យ Chelsea សរុប ២១១គ្រាប់ និងធ្លាប់ដឹកនាំ Chelsea ៨៤ប្រកួតចន្លោះឆ្នាំ២០១៩-២០២១។ Chelsea កំពុងដេញពីក្រោយតំបន់ Top4 ដល់ទៅ ១៤ពិន្ទុទោះបីជាបានចំណាយលុយជាង ៦០០លានផោនទិញកីឡាករថ្មីក្នុងរដូវកាលនេះក៏ដោយ។ រំលឹកថា Frank Lampard ធ្លាប់បានដឹកនាំ Chelsea ចន្លោះឆ្នាំ២០១៩ ដល់ ២០២១ ដែលជំនួសតំណែងដោយលោក Thomas Tuchel។
ក្រោយមក Lampard ក៏បានក្លាយជាអ្នកចាត់ការ Everton នៅខែមករា ឆ្នាំ២០២២ តែក៏ត្រូវបានដកតំណែងវិញកាលពីខែមករាកន្លងទៅក្រោយ Everton ចាញ់ ៩ ក្នុងចំណោម ១២ប្រកួតចុងក្រោយនៅ Premier League។ Chelsea ដែលបច្ចុប្បន្នឈរលេខ ១១ នៅ English Premier League នឹងត្រូវទៅទឹកដី Wolves ថ្ងៃសៅរ៍នេះ៕
អត្ថបទ៖នាង សុភាវុធ