បាល់ទាត់៖ ក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A រកឃើញជើងឯកហើយក្រោយលេងបាន ៣៤ប្រកួតដោយ Inter Milan គឺជាជើងឯកលើកដំបូងក្នុងរយៈពេល ១១ឆ្នាំក្រោយជ័យជំនះលើ Crotone ស្របពេលដែលក្រុមលេខ២ Atalanta ស្មើ។

Inter Milan នៅពេលនេះមាន ១៣ពិន្ទុដាច់ក្រុមលេខ២ Atalanta ខណៈនៅសល់ ៤ប្រកួតទៀតចប់រដូវកាល។ គ្រាប់បាល់របស់ Christian Erikson និង Achraf Hakimi គ្រប់គ្រាន់ល្មមសំរាប់ក្រុមរបស់លោក Antonio Conte ទទួលបានបីពិន្ទុ។ Inter Milan អង្គុយរង់ចាំការប្រកួតរបស់ Atalanta កាលពីថ្ងៃអាទិត្យម្សិលមិញដែលស្មើនៅទឹកដី Sassuolo ទើបអាចឈ្នះជើងឯកដែលប្រកាសម្សិលមិញ។ Juventus ដែលឈ្នះជើងឯក Serie A នេះច្រើនជាងគេ ៣៦លើក និង ៩រដូវកាលជាបគ្នាមកហើយនោះក៏បានអបអរសាទរ Inter Milan ផងដែរដែលបានក្លាយជាជើងឯករដូវកាលនេះ។ Juventus ម្សិលមិញក៏បានយកឈ្នះនៅទឹកដី Udinese ២-១ ផងដែរ។
Nahuel Molina ជាអ្នកបើកការនាំមុខមុនអោយ Udinese តាំងពីនាទីទី១០ ខណៈ Juventus ត្រូវរង់ចាំដល់ ៧នាទីចុងក្រោយនៃការប្រកួតទើប Cristiano Ronaldo រកបានពីរគ្រាប់ម្នាក់ឯងនៅនាទីទី៨៣ និងនាទីទី៨៩ ដោយបាល់ ពិន័យ ១១ម៉ែត្រជួយអោយ Juventus វាយបកយកឈ្នះ ២-១។ បីពិន្ទុនេះ Juventus បន្តឈរលេខ៣ មាន ៦៩ពិន្ទុស្មើជាមួយក្រុមលេខ២ Atalanta ខណៈលេខ៤ AC Milan ក៏មាន ៦៩ពិន្ទុផងដែរ៕
អត្ថបទ៖នាង សុភាវុធ