អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងមានចំណាត់ការយ៉ាងម៉ឺងម៉ាត់ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែត មកលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍។

លោក Netanyahu បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា យើងនឹងវាយប្រហារសត្រូវរបស់យើង ហើយពួកគេនឹងត្រូវសងសម្រាប់សកម្មភាពឈ្លានពានណាមួយ។ អ៊ីស្រាអែលបានដាក់កំហុសលើក្រុមអ៊ីស្លាមនិយមហាម៉ាស ចំពោះការបាញ់រ៉ុក្កែតជាង ៣០គ្រាប់ពីប្រទេសលីបង់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើង ក្រោយពីនគរបាលអ៊ីស្រាអែលវាយឆ្មក់លើវិហារអ៊ីស្លាម Al-Aqsa ក្នុងទីក្រុងហ្សេរុយសាឡឹមក្នុងសប្តាហ៍នេះ។ នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានចាប់ផ្តើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខ ដើម្បីសម្រេចការឆ្លើយតបចំពោះការវាយប្រហារនេះ ដែលជាការវាយប្រហារដោយគ្រាប់រ៉ុក្កែតធំបំផុតពីប្រទេសលីបង់ ចាប់តាំងពីឆ្នាំ ២០០៦មក ដែលនៅពេលនោះអ៊ីស្រាអែលបានធ្វើសង្គ្រាម ជាមួយចលនាក្រុមហេសបូឡា (Hezbollah) ប្រដាប់អាវុធ។
យោធាអ៊ីស្រាអែលបាននិយាយថា គ្រាប់រ៉ុក្កែតចំនួន ៣៤គ្រាប់ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ដែលក្នុងនោះ ២៥គ្រាប់ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធប្រឆាំងមីស៊ីល អាយអឺន ដូម(Iron Dome) របស់ខ្លួន។ ឧប្បត្តិហេតុនេះបានកើតឡើង ខណៈអ៊ីស្រាអែលប្រឈមនឹងសម្ពាធពិភពលោក បន្ទាប់ពីការវាយឆ្មក់របស់នគរបាលទៅលើបរិវេណវិហារអ៊ីស្លាម Al-Aqsa ក្នុងទីក្រុងហ្សេរុយសាឡឹម ក្នុងអំឡុងខែដ៏ពិសិដ្ឋរបស់ពលរដ្ឋមូស្លីមនៃបុណ្យរ៉ាម៉ាដាន។ នៅពុំទាន់មានការអះអាងពីការទទួលខុសត្រូវភ្លាមៗនោះទេ ប៉ុន្តែអ្នកនាំពាក្យយោធាអ៊ីស្រាអែលបានដាក់កំហុសទៅលើក្រុមហាម៉ាស់ ជាក្រុមអ៊ីស្លាមនិយមជ្រុលដែលគ្រប់គ្រងតំបន់ហ្គាហ្សា។ អ្នកនាំពាក្យរូបនេះបាននិយាយនៅលើបណ្ដាញ Twitter ថា ភាគីដែលបានបាញ់គ្រាប់រ៉ុក្កែតពីប្រទេសលីបង់ គឺក្រុមហាម៉ាសនៅក្នុងប្រទេសលីបង់។ ប្រភពសន្តិសុខមិនមែនអ៊ីស្រាអែលចំនួនបីបាននិយាយថា ក្រុមប៉ាឡេស្ទីននៅលីបង់មិនមែនក្រុម Hezbollah ត្រូវបានគេជឿថា ទទួលខុសត្រូវសម្រាប់ការបាញ់គ្រាប់រ៉ុក្កែត ទោះបីជាវាត្រូវបានគេសន្និដ្ឋានយ៉ាងទូលំទូលាយថា ក្រុម Hezbollah បានផ្តល់ការអនុញ្ញាតក៏ដោយ៕
អត្ថបទ៖ ប៊ុនថន