ភ្នំពេញ៖ ក្រសួងបរិស្ថាន កំពុងជំរុញចលនាវិស័យឯកជនចូលរួមវិនិយោគលើវិស័យអេកូទេសចរណ៍នៅកម្ពុជា តាមរយៈ គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ហៅកាត់ថា CSLEP។
តាមរយៈការជំរុញនេះ ក្រសួងបរិស្ថាន បានរៀបចំកម្មវិធីជួបជុំជាមួយវិស័យឯកជនជាលើកដំបូង កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ នៅភោជនីយដ្ឋាន Waterside ដើម្បីបង្ហាញជូនវិនិយោគិនទាំងអស់អំពីឱកាសសម្រាប់វិនិយោគលើវិស័យអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព នៅក្នុងតំបន់ការពារធម្មជាតិ នៃតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានអង្គភាពអនុវត្តគម្រោង និងមន្រ្តីអនុវត្តន៍គម្រោង រួមជាជាមួយនឹងមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ តំណាងស្ថានទូត តំណាងវិស័យឯកជន និងភ្ញៀវជាតិ អន្តរជាតិសំខាន់ៗ ជាច្រើនរូបទៀត។
ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានអង្គភាពគម្រោង បានលើកឡើងថា CSLEP ថ្លែងនៅក្នុងកម្មវិធីនេះថា ក្រសួងបរិស្ថាន នឹងបង្កបរិយាកាសអំណោយផលដល់វិស័យឯកជន ដើម្បីចូលរួមវិនិយោគអភិវឌ្ឍន៍ អេកូទេសចរណ៍ និងភាពជាដៃគូររវាងរដ្ឋ និងឯកជន ក៏ដូចជាជាមួយសហគមន៍មូលដ្ឋាន។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា «ការជួបជុំនាពេលនេះ គឺដើម្បីបង្កបរិយាកាសជូនដល់វិស័យឯកជនឱ្យបានជ្រួតជ្រាប និងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងលើកស្ទួយជីវភាពសហគមន៍មូលដ្ឋានតាមរយៈការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាព ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ជាពិសេស តាមរយៈការវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិដ៏មានសក្ដានុពលរបស់យើង»។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា តាមរយៈបទពិសោធន៍នានាលើទីផ្សារទេសចរណ៍ឈរលើមូលដ្ឋានធម្មជាតិបានបង្ហាញថា ការចូលរួមរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍអេកូទេសចរណ៍ នឹងបង្កើតបាននូវឧត្តមភាពប្រកួតប្រជែង ការអភិវឌ្ឍសេវាអេកូទេសចរណ៍ដែលមានគុណភាពខ្ពស់ និងបង្កើនសក្ដានុពលជំរុញវិស័យអេកូទេសចរណ៍ឱ្យក្លាយជាចលករ សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិបានចំនួន ៧៣ តំបន់ និងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន ៣ (របៀងអភិរក្សជីវៈចម្រុះឦសាន របៀងអភិរក្សជីវៈចម្រុះឧត្តរ និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ)។ តំបន់ទាំងនេះ មានផ្ទៃដីសរុបប្រមាណជា ៧.២ លានហិកតាស្មើនឹង ៤១% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល៕









