ចិន៖ ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយនៅក្នុងពិធីបិទកិច្ចប្រជុំលើកទី៥ នៃក្រុមប្រឹក្សាធុរកិច្ចចិន-បារាំងនៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនត្រៀមជាស្រេចដើម្បីធ្វើការជាមួយសហភាពអឺរ៉ុប ដើម្បីរក្សាបានសន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មពិភពលោក។
ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ពីថ្ងៃពុធដល់ថ្ងៃសុក្រនេះបានចូលរួមកិច្ចប្រជុំនេះ។ ខណៈជាកម្លាំងសំខាន់ពីរក្នុងការជំរុញពិភពលោកពហុប៉ូល ប្រទេសចិន និងសហភាពអឺរ៉ុបមានការយល់ស្របជាយុទ្ធសាស្ត្រដ៏ទូលំទូលាយ ផលប្រយោជន៍រួម និងជាមូលដ្ឋានដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការ។ កិច្ចសហប្រតិបត្តិការចិន អឺរ៉ុបគឺជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងភាពរុងរឿងនៃទ្វីបអឺរ៉ុប និងអាស៊ី ព្រមទាំងស្ថិរភាពនៃទិដ្ឋភាពពិភពលោក។ ពុំមានអ្នកឈ្នះនៅក្នុងហ្គេមលទ្ធផលសូន្យនោះទេ ហើយការកាត់ផ្តាច់ និងការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម នឹងមិនបង្កជាឧបសគ្គដល់ការអភិវឌ្ឍន៍របស់ប្រទេសចិនឡើយ។
លោក Xi បានបង្ហាញការប្រឆាំងរបស់លោកចំពោះការធ្វើនយោបាយ និងការយកធ្វើជាអាវុធនៃការផ្លាស់ប្តូរធម្មតានៅក្នុងវិស័យពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹង ការសម្របសម្រួលគោលនយោបាយម៉ាក្រូជាមួយសហភាពអឺរ៉ុប។ ចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហភាពអឺរ៉ុប ដើម្បីរួមគ្នារក្សាសន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្ម និងបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ៕
អត្ថបទ៖ ប៊ុនថន