អ៊ីស្រាអែល៖ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស សងសឹកជាបន្តបន្ទាប់នៅតំបន់ហ្គាហ្សានៅព្រឹកថ្ងៃសុក្រនេះ ប៉ុន្មានម៉ោងបន្ទាប់ពីគ្រាប់រ៉ុក្កែតរាប់សិបគ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសជិតខាងលីបង់ចូលទៅក្នុងទឹកដីរបស់អ៊ីស្រាអែល ដោយមានការបាញ់ប្រហារពីយោធាអ៊ីស្រាអែល ដែលបានដាក់កំហុសទៅលើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។

អ្នកសារព័ត៌មាន CNN នៅទីក្រុងហ្គាហ្សាបានឮសំឡេងយន្តហោះ និងការផ្ទុះ ប៉ុន្មាននាទីបន្ទាប់ពីកងកម្លាំងការពារជាតិអ៊ីស្រាអែលបានប្រកាសប្រតិបត្តិការ។ ការវាយប្រហាររបស់អ៊ីស្រាអែលបានដាក់គោលដៅទៅលើតំបន់ជាច្រើននៅតំបន់ឆ្នេរ ដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ (Hamas)។ គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សា ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលជាការឆ្លើយតប។ កងកម្លាំងការពារជាតិអ៊ីស្រាអែលនិយាយថា យន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារផ្លូវរូងក្រោមដី ភេរវកម្មចំនួនពីរកន្លែងនៅតំបន់ Beit Hanoun និងតំបន់ Khan Yunis រួមជាមួយទីតាំងផលិតអាវុធពីរកន្លែងរបស់ក្រុម Hamas ជាការឆ្លើយតបទៅនឹងការរំលោភបំពានសន្តិសុខរបស់នេះក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ។
កម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យានដ្រូនរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែល បានវាយប្រហារកាំភ្លើងយន្តធុនធ្ងន់មួយដើមនៅភាគខាងជើងតំបន់ហ្គាហ្សា ដែលត្រូវបានប្រើដើម្បីបាញ់តម្រង់ទៅរកយន្តហោះចម្បាំង កងកម្លាំងការពារជាតិអ៊ីស្រាអែល និងទឹកដីរបស់អ៊ីស្រាអែល។ ជាច្រើនម៉ោង មុនពេលកងកម្លាំងការពារជាតិអ៊ីស្រាអែលវាយប្រហារនៅតំបន់ហ្គាហ្សា នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានព្រមានថា អ៊ីស្រាអែលនឹងវាយប្រហារសត្រូវ ហើយពួកគេនឹងរងសំណងសម្រាប់រាល់សកម្មភាពឈ្លានពាន។ ការបាញ់តបតនេះកើតមានឡើង ខណៈកំហឹងពុះកញ្ជ្រោលនៅទូទាំងតំបន់ ជុំវិញការវាយឆ្មក់របស់នគរបាលអ៊ីស្រាអែលនៅវិហារអ៊ីស្លាម al-Aqsa ក្នុងទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃពុធ ដែលធ្វើឲ្យមានការថ្កោលទោសយ៉ាងទូលំទូលាយពីពិភពអារ៉ាប់ និងមូស្លីម និងបានបង្កឱ្យមានការបាញ់រ៉ុក្កែតសងសឹកពីតំបន់ហ្គាហ្សា ចូលទៅក្នុងទឹកដីអ៊ីស្រាអែល៕
អត្ថបទ៖ ប៊ុនថន